Ulsan Hyundai ក្លាយជាជើងឯក AFC Champions League ២០២០ ក្រោយយកឈ្នះក្រុមខ្លាំងអឺរ៉ង់ Persepolis

428

ក្រុមកូរ៉េខាងត្បូង Ulsan Hyundai បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ AFC Champions League ២០២០ បន្ទាប់ពីបានយកឈ្នះលើក្រុមខ្លាំងមកពីអ៊ីរ៉ង់ Persepolis ដោយលទ្ធផល ២-១ នៅវគ្គផ្តាច់ព្រ័ត្រក្នុងប្រទេសកាតា។

Ulsan ដែលជាក្រុមជើងឯករង K-League ២០២០ បានទំលាក់ក្រុមជប៉ុន Vissel Kobe ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ខណៈ Persepolis ទំលាក់ក្រុមរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត Al Nassr FC ។

ក្នុងការប្រកួតយប់មិញនេះ Persepolis ជាអ្នកបើកឆាកនាំមុខមុននៅនាទី ៤៥’ ដោយខ្សែប្រយុទ្ធ Mehdi Abdi Qara។ នៅនាទី ៤៥’ នេះដដែល Ulsan Hyundai ក៏មានឱកាសទទួលបានបាល់ពិន័យ ១១ ម៉ែត្រវិញភ្លាមៗ ដើម្បីតាមស្មើ ១-១ មុនចប់តង់ទី ១ ដែលជាការស៊ុតបាល់រីបោនពីការសង្គ្ក្រោះរបស់អ្នកចាំទីដោយខ្សែប្រយុទ្ធ Junior Negrao ។

ចូលដល់តង់ទី ២ Ulsan ក៏បន្តទទួលសំណាងតាមរយៈបាល់ប៉េណាល់ទីសារជាថ្មីម្តងទៀត ខណៈ Junior Negrao ដែលជាអតីតកីឡាកររបស់ក្រុមថៃ Muangthong United ជាពេជ្យឃាតក្នុងការបញ្ចប់ទីយកគ្រាប់ជ័យជម្នះជូនក្រុមកូរ៉េខាងត្បូងនៅនាទី ៥៥’ ។

នេះជាលើកទី ២ ហើយសម្រាប់ Ulsan Hyundai ក្នុងការគ្រងពានរង្វាន់ក្លឹបល្អបំផុតប្រចាំទ្វីបអាស៊ីមួយនេះ ខណៈដែលលើកទី ១ ពួកគេធ្លាប់ឈ្នះក្នុងឆ្នាំ ២០១២ ។ ដោយឡែកសម្រាប់ Persepolis ធ្លាប់ជាជើងឯករងក្នុងឆ្នាំ ២០១៨ ។

វីដេអូហាយឡាយ