UEFA សម្រេចលើក​ព្រឹត្តិការណ៍ Euro ២០២០ ទៅធ្វើនៅឆ្នាំ ២០២១ វិញ

273

បន្ទាប់ពីបានបើកកិច្ច​ប្រជុំជាមួយសមាជិក ៥៥ ប្រទេស​នៅអឺរុប តាមរយៈ Video Conference នៅថ្ងៃអង្គារម្សិលមិញរួចមក សហព័ន្ធបាល់ទាត់អឺរុប ហៅកាត់ថា UEFA បាន​សម្រេចជាផ្លូវការពន្យាពេល ការរៀបចំព្រឹត្តិការណ៍ Euro ២០២០ រហូត​ដល់ឆ្នាំ ២០២១ វិញ។

ជាការ​ពន្យាពេល​មួយឆ្នាំពេញ ដើម្បីអនុញ្ញាតឲ្យលីគបាល់ទាត់​ក្នុងតំបន់អឺរុប អាចដំណើរកា​រដោយស្រួលបួលឡើងវិញ ក្រោយ​ប្រទេសនៅអឺរុប ត្រូវប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃកូរ៉ូណាវីរុស ឬ Covid-19 នោះ។

គណៈកម្មការ​រៀបចំព្រឹត្តិការណ៍ Euro បាន​មូលមតិ​គ្នាថា ​នឹង​រៀបចំ Euro ២០២០ នៅ ចន្លោះថ្ងៃទី ១១ ខែមិថុនា ដល់ ១១ ខែវិច្ឆិកា ឆ្នាំ ២០២១។ ចំណែក​ការប្រកួត Euro ផ្នែក​នារី ក៏នឹងត្រូវលើកពេលទៅធ្វើនៅឆ្នាំ ២០២២ ខណៈគម្រោងគ្រោងនឹងធ្វើនៅឆ្នាំ ២០២១ បន្ទាប់ពី Euro បុរសឆ្នាំ ២០២០ នេះ។

គួរជម្រាបជូនថា តាម​ផែន​ការ​ដែល​បានរៀបចំទុក ការប្រកួតបាល់ទាត់បុរសប្រចាំតំបន់អឺរុប ដែលជាព្រឹត្តិការណ៍ ៤ ឆ្នាំម្តង គ្រោងនឹង​ចាប់ផ្តើម​ពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០ ខាងមុខនេះ ប៉ុន្តែដោយសារតែការរាតត្បាតនៃកូវីដ ១៩ គ្រប់កម្មវិធីកីឡា ឬ សិល្បៈនានា ត្រូវប្រែប្រួលទាំងអស់៕