Trent Alexander-Arnold ប្រាប់ពីកីឡាករដែលគេយកគម្រូតាម ដើម្បីមានលទ្ធផលដូចពេលនេះ

4854

ខ្សែការពារ​ស្លាប​ឆ្នើម Liverpool កីឡាករ Trent Alexander-Arnold កំពុងតែ​មាន​ភាពលេចធ្លោខ្លាំងនៅរដូវកាលនេះ ទាំងនៅ Premier League ក៏ដូចជាក្របខណ្ឌអឺរ៉ុប។​

រូបគេ Assists បាល់បាន ៨គ្រាប់តាម​ពីក្រោយខ្សែបម្រើ Man City កីឡាករ Kevin De Bruyne ដែល​មាន ១១គ្រាប់។ ក្នុងជំនួប​សប្តាហ៍ទី ១៩ ជាមួយ Leicester City កីឡាករវ័យ ២១ឆ្នាំរូបនេះ ក៏​កាន់តែធ្វើឲ្យ​មានការ​កោតសរសើរដោយគេ​អាច​ជួយ Assists បាន ២គ្រាប់ និង​ស៊ុតបញ្ចូលទីខ្លួនឯងបាន ១គ្រាប់ក្នុងចំណោម ៤គ្រាប់ដែល Liverpool យក​ឈ្នះលើក្រុមកញ្ជ្រោងខៀវ។

ភាព​រីកចម្រើនលូតលាស់ដ៏គួរឲ្យ​កត់សម្គាល់នេះ ត្រូវបាន​ខ្សែការពារអង់គ្លេសរូបនេះលើកឡើង​ថាគឺបាន​មក​ពីនិមិត្តរូប​របស់​គេដែលជាអតីតខ្សែបម្រើ​នៅ Liverpool គឺ Steven Gerrard និង Xabi Alonso។

ទោះបីជាកីឡាករឆ្នើម​ទាំង ២របស់ Liverpool នេះគឺជាខ្សែបម្រើក្តី ប៉ុន្តែសម្រាប់ Trent Alexander-Arnold គឺគេ​បាន​ព្យាយាម​ចម្លង​ភាពជោគជ័យ​ពីវីរបុរសទាំង ២នេះ។

Arnold បាន​និយាយថា៖ «ខ្ញុំគិតថា វាគឺជាការចម្លងពីកីឡាករដែលខ្ញុំ​ចង់​ដូចពួកគេពេល​ដែលខ្ញុំ​នៅពីតូចដូចជា Gerrard, Alonso ដែល​ជាអ្នក​ប៉ះបាល់​យ៉ាងអស្ចារ្យ​មិនគួរឲ្យ​ជឿ ខ្ញុំ​តែងតែ​ចង់​ប៉ះបាល់​ដូចពួកគាត់ដែរ ជាការ​ពិត​ខ្ញុំនៅតែមើល​ការលេងរបស់ពួកគាត់ ហើយ​ពេល​ខ្លះខ្ញុំនៅតែតាមរក​ឃ្លីប​ ដើម្បីមើល​ពួកគាត់ជាពិសេសគឺ Gerrard ខ្ញុំ​តែងតែមើល​ឃ្លីប​ចាស់ៗ និងការប្រកួត​ចាស់ៗរបស់គាត់»៕