Thitipan ចេញពីក្របខណ្ឌ J1.League វិលរកទ្រនំចាស់ Pathum United

766

ក្លឹបទើបឡើងមកលីគកំពូលថៃ BG Pathum United បានប្រកាសពីការវិលត្រលប់របស់អតីតខ្សែបម្រើរបស់ខ្លួនកីឡាករ Thitipan Puangchan ដែលទើបបញ្ចប់ការស្នាក់នៅក្របខណ្ឌ J1.League របស់ជប៉ុន។

Thitipan ត្រូវបានក្លឹបលីគកំពូលជប៉ុន Oita Trinita ខ្ចីជើងបានមួយរដូវកាលកន្លងទៅ ហើយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករថៃ ៣ នាក់មាន Theerathon Bunmathan និង Chanathip Songkrasin ដែលប្រកបអាជីពនៅ J1.League។

ថ្លែងក្រោយវិលមកទ្រនំចាស់ ខ្សែបម្រើវ័យ ២៦ ឆ្នាំបាននិយាយថា “ខ្ញុំពិតជារីករាយណាស់ដែលបានលេងអោយ BG Pathum United ម្តងទៀតនៅឆ្នាំនេះ ក្រុមបានផ្លាស់ប្តូរច្រើន មានកីឡាករថ្មីៗជាច្រើនចូលមក វាធ្វើឲ្យខ្ញុំមានទំនុកចិត្តថាយើងគួរតែមានឱកាសឈ្នះពានរង្វាន់មួយចំនួន“។

Thitipan បានបង្ហាញខ្លួន ២០ ប្រកួតសម្រាប់ Oita Trinita ក្នុងរយៈពេល១រដូវកាលចុងក្រោយ ខណៈដែលក្លឹបបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ៩ ក្នុងតារាង J1.League ។