Sir Alex Ferguson បង្ហើបវិប្បដិសារីពីការគិតខុសចំពោះកីឡាករម្នាក់ កាលពី ១០ឆ្នាំមុន

431

អតីតគ្រូបង្វឹកក្លឹប Manchester United ដ៏គួរឲ្យគោរព និងជោគជ័យបំផុត លោក Alex Ferguson នៅក្នុងសប្តាហ៍នេះ បានបង្ហើបឲ្យដឹងពីវិប្បដិសារីមួយ កាលពីជាង១ទស្សវត្សមុន ដែលបានរំខានអារម្មណ៍របស់លោកមកដល់សព្វថ្ងៃ។

Sir Alex ដែលបាននាំ Man Utd ក្លាយជាជើងឯក Premier League ដល់ទៅ ១៣ដង រួមទាំងក្លាយជាជើងឯក Champions League ២ដងផង បាននិយាយថា លោកមានការសោកស្តាយបំផុតសម្រាប់ការសម្រេចចិត្តមួយ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League កាលពីឆ្នាំ ២០០៨ ដែលពេលនោះ Man Utd ត្រូវប្រកួតជាមួយ Chelsea ក្នុងកីឡដ្ឋាន Luzhniki Stadium នាទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។

អ្វីដែលលោកស្តាយពេលនោះ គឺការរៀបចំកីឡាករជម្រើស ១១នាក់ដំបូង ដើម្បីចូលប្រកួត។ Sir Alex Ferguson ស្តាយបំផុត គឺការដែលលោកទុក Ji-sung Park ឲ្យនៅក្រៅក្រុមដែលត្រូវចូលប្រកួត។ ពេលនោះកីឡាករកូរ៉េខាងត្បូងនេះ មិនត្រឹមតែមិនស្ថិតក្នុងបញ្ជីកីឡាករ ១១នាក់ដំបូងទេ ប៉ុន្តែក៏ត្រូវដាក់មិនឲ្យជាកីឡាករបម្រុងផងដែរ។

ចំពោះហេតុផល ដែល Ji-sung Park ត្រូវគ្មានឈ្មោះបែបនេះ ក៏ព្រោះតែពេលនោះ លោក Alex Ferguson យល់ថា Park បានលេងទាំង ២ជើង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែល Man Utd បានប្រកួតឈ្នះ Barcelona។ ហើយលោក Alex ក៏ចង់ទុកពេលឲ្យ Park សម្រាក។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ MUTV លោក Alex បាននិយាយថា៖ «ការឈ្នះពានរង្វាន់អឺរុប គឺជារឿងអស្ចារ្យណាស់។ វាពិតជាអស្ចារ្យ ដែលយើងមានក្រុមកីឡាករដែលមានទាំងអាកប្បករិយាល្អ និងរឹងមាំ។ បញ្ហារបស់ខ្ញុំកាលពីវគ្គផ្តាច់ព្រ័ត្រ (Champions League) ២០០៨ ហើយប្រហែលជាធ្វើឲ្យខ្ញុំសោកស្តាយដល់សព្វថ្ងៃ គឺការដាក់ Ji-sung Park ឲ្យនៅក្រៅក្រុមពេញមួយប្រកួតវគ្គផ្តាច់ព្រ័ត្រ។ គាត់បានដើរតួនាទីយ៉ាងល្អ អីញ្ចឹងហើយបានជាយើងបានឡើងមកវគ្គផ្តាច់ព្រ័ត្រ។ កាលពីនៅ Wembley (ឆ្នាំ ២០១១) ខ្ញុំក៏បានធ្វើរឿងដូចគ្នានេះ ទៅលើ Dimitar Berbatov ដែរ។ … គ្មានកីឡាករណាម្នាក់ គួរតែស្ថិតនៅក្រៅក្រុមក្នុងវគ្គផ្តាច់ព្រ័ត្រឡើយ។ អីញ្ចឹងហើយ បានជាយើងត្រូវតែប្រឹងប្រែងធ្វើការជាមួយក្រុមគ្រូបង្វឹក ដើម្បីធ្វើយ៉ាងណា អាចទុកកីឡាករ ១១នាក់ឲ្យនៅអង្គុយកៅអីបម្រុងក្នុងវគ្គផ្តាច់ព្រត្រ័។ ហើយយើងអាចមាន ៤ ឬ ៥នាក់ ដើម្បីទុកនៅកន្លែងចាំអង្គុយប្តូរ។ ធ្វើបែបនេះ គឺអាចបង្កើតឱកាសអស្ចារ្យនៅទីនោះ»។

សូមរម្លឹកជូនថា វគ្គផ្តាច់ព្រ័ត្រ UEF Champions League កាលពីឆ្នាំ ២០០៨ គឺជាការប្រកួតដ៏សែនតានតឹងបំផុតមួយ ដែលក្រុមទាំង ២គឺ Man Utd និង Chelsea ត្រូវទាត់ថែមម៉ោងហើយថែមម៉ោងទៀត រហូតត្រូវកាត់សេចក្តីក្នុងវគ្គបាល់ ១១ម៉ែត្រ ប៉េណាល់ទី ដែលពេលនោះ Man Utd ឈ្នះ Chelsea ក្នុងលទ្ធផល ៦ទល់នឹង៥ ក្រោយការទាត់បាល់ ១១ម៉ែត្រមិនចូលរបស់កីឡាករ Chelsea គឺ John Terry និង Nicolas Anelka។

និយាយពីខ្សែបម្រើកូរ៉េខាងត្បូង Park វិញ គាត់បានបង្ហាញខ្លួនក្នុងនាមជាកីឡាករ Man Utd បានដល់ទៅ ២០៥ដង ស៊ុតបញ្ចូលទីបាន ២៧គ្រាប់ និងបានជួយក្លឹបឲ្យក្លាយជាជើងឯកពានរង្វាន់ធំៗជាច្រើន។ បច្ចុប្បន្ន អតីតកីឡាករវ័យ ៣៨ឆ្នាំនេះ ក៏កំពុងតែធ្វើជាឯកអគ្គរដ្ឋទូតសកលរបស់ក្លឹប Manchester United៕

ប្រភព៖ Fox Sport Asia