ក្រុមលីគកំពូលថៃ Samut Prakan City បានតែងតាំងលោក Masatada Ishii អតីតគ្រូបង្វឹកក្រុម Kashima Antlers ធ្វើជាគ្រូបង្វឹកថ្មីដឹកនាំរដូវកាលក្រោយ។
គ្រូបង្វឹកវ័យ ៥២ ឆ្នាំរូបនេះ ធ្លាប់ដឹកនាំក្រុម Kashima Antlers ឈ្នះជើងឯកលីគកំពូលជប៉ុន J1.League ក្នុងឆ្នាំ ២០១៥ ហើយគុណសម្បត្តិដ៏ធំរបស់លោកគឺបានជួយ Kashima ក្លាយជាក្រុមអាស៊ីដំបូងគេដែលឈានដល់វគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup ២០១៦ ដែលគ្រានោះពួកគេបានចាញ់ក្រុមយក្សអេស្ប៉ាញ Real Madrid ៤-២ ក្នុងម៉ោងបន្ថែម។
គ្រូបង្វឹកជនជាតិជប៉ុនរូបនេះត្រូវបាន Kashima បញ្ចប់តំណែងកាលពីខែឧសភាឆ្នាំ ២០១៧ ហើយធ្វើដំណើរមកកាន់ប្រទេសថៃដើម្បីដឹកនាំក្រុម Samut Prakan ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ៦ នៃតារាងលីគកំពូលថៃរដូវកាលមុន។