Rugani ថាខ្លួនមានសំណាង ដែលបានឆ្លងជំងឺ COVID-19

2371

កីឡាករ Daniele Rugani របស់​ក្លឹប​ Juventus កំពុងជាសះស្បើយ​ពីជំងឺ COVID-19 ហើយ។ ហើយរូបគេបានយល់​ថា​ខ្លួន​ឯង​មានសំណាង​ដែល​បាន​ចូល​រួម​លើក​កម្ពស់​ការ​យល់​ដឹង​ពី​ឥទ្ធិពល​នៃ​ការ​ឆ្លង​រាល​ដាល​វីរុស​កូរ៉ូណា។

Rugani ត្រូវ​បានគេ​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស​កូរ៉ូណា​កាលពី​សប្ដាហ៍​មុន ជាព្រឹត្តិការណ៍​សំខាន់​មួយ​ ក្នុង​ចំណោម​ព្រឹត្តិការណ៍​ធំៗ​ផ្សេងទៀត​ ដែល​ញ៉ាំង​ឱ្យ​មាន​ការផ្អាក​ការ​ប្រកួត​បាល់​ទាត់​អឺរ៉ុប​ស្ទើរ​តែទាំងស្រុង។

ក្នុ​ង​បទ​សម្ភាសន៍​មួយ ជាមួយ​​ទូរទស្សន៍​​ក្លឹប Juventus, Rugani បាន​និយាយថា គេ​មិន​មាន​លេច​ចេញ​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​ ដូចជាបញ្ហា​ផ្លូវដង្ហើម​នោះទេ។

“ខ្ញុំ​ចង់​ប្រាប់អ្នកទាំងអស់គ្នាថា​ ខ្ញុំ​មិនអីទេ។ ខ្ញុំ​តែង​តែមានសុខភាពល្អដូចធម្មតា មិន​មាន​ចេញ​រោគ​សញ្ញា​ធ្ងន់​ធ្ងរ​ដូច​ការ​លើក​ឡើង​នោះទេ”។

“ខ្ញុំ​យល់​ថា​ខ្លួន​ឯង​មានសំណាង​ ទោះ​បី​រឿង​នេះ​ជារឿង​ធំ​ដោយសារ​ខ្ញុំ​ជាមនុស្ស​ដំបូង​នៅ​ក្នុង​មជ្ឈដ្ឋាន​របស់​យើង​ដែល​បានឆ្លង​វីរុស​នេះ​ក៏ដោយ។ ខ្ញុំ​យល់​ថា​មានសំណាង​ដោយ​សារ​បាន​ចូលរួម​លើក​កម្ពស់​ការ​យល់​ដឹង​​ពីស្ថានភាព​របស់ជំងឺនេះ”។

អ៊ីតាលី​ជាប្រទេសនៅអឺរ៉ុប​ដែល​រង​ការ​ប៉ះពាល់ខ្លាំងជាងគេ​ ដែលមាន​ករណី​ឆ្លង ២៤ ៧៤៧នាក់ និង​អត្រាស្លាប់ ១ ៨០៩នាក់ហើយ។