កីឡាករសញ្ជាតិចិនរបស់ក្លឹប Espanyol ខ្សែប្រយុទ្ធ Wu Lei បានធ្វើតេស្តចេញលទ្ធផលវិជ្ជមានមេរោគកូវីដ ១៩ ក្នុងប្រទេសអេស្បា៉ញ។ នេះបើតាមការឲ្យដឹងពីសហព័ន្ធបាល់ទាត់ចិន (CFA) នៅថ្ងៃសៅរ៍នេះ។
Wu Lei វ័យ ២៨ ឆ្នាំ គឺជាកីឡាករចិនទី ២ ដែលបានទៅលេងនៅ La Liga កាលពីខែមករា ឆ្នាំ ២០១៩ ដោយផ្ទេរពីក្លឹប Shanghai SIPG របស់ចិន។ រូប គេបានចេញរោគសញ្ញាស្រាលនៃជំងឺកូវីដ ១៩ ក្រោយពីធ្វើតេស្តទទួលបានលទ្ធផលវិជ្ជមាន។
CFA បញ្ជាក់ថា ពេលនេះ Wu Lei កំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីតាមដាន និងព្យាបាល។ ហើយ CFA ក៏បានសន្យាថា នឹងជួយគាំទ្រគ្រប់យ៉ាងដល់ Wu Lei និងក្លឹប Espanyol របស់គេ ប្រសិនបើមានតម្រូវណាមួយ។
សូមជម្រាបជូនថា គិតមកដល់ពេលនេះ មានកីឡាករចិន ចំនួន ៣នាក់ រួមទាំងកីឡាករ ២ នាក់ក្នុងក្រុមអាយុក្រោម ១៨ ឆ្នាំផង បានធ្វើតេស្តវិជ្ជមានមេរោគកូរ៉ូណា ក្នុងប្រទេសអេស្បា៉ញ។