PSG វាយបកយកឈ្នះ Rennes លើកពាន Trophee des Champions លើកទី៧ជាប់ៗគ្នា (វីដេអូ)

400

ក្រុម Paris St-Germain បានវាយបកយកឈ្នះ Rennes ដោយលទ្ធផល​២-១ ក្នុងពាន Trophee des Champions កាលពីយប់មិញ​នៅប្រទេសចិន។

ក្រុមជើងឯក​ French Cup, Rennes បាននាំមុខមុនលើក្រុម PSG ដែលជាម្ចាស់ជើងឯក Ligue 1 ធ្វើបានដោយ​កីឡាករ Adrien Hunou នៅតង់ទី១ នាទី ១៣’ បន្ទាប់ពី​ទទួលបានការកាត់បាល់ពីមិត្តរួមក្រុម Benjamin Bourigeaud។​

ប៉ុន្តែ​ក្រុម PSG ដែលអវត្តមានតារាឆ្នើម Neymar បានតាមស្មើវិញនៅ ១២ នាទីបន្ទាប់ក្រោយចូលតង់ទី ២ ដោយ Kylian Mbappe ស៊ុតទំលុះសំណាញ់ទីបន្ទាប់ពីការបញ្ជូនបាល់របស់ Pablo Sarabia ។

មួយគ្រាប់ជ័យជម្នះរបស់ PSG កើតចេញពីការទាត់បាល់ពិន័យ (Free-kick) យ៉ាងអស្ចារ្យពី Angel di Maria នៅនាទី ៧៣’។

កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះទើបតែនៅលើទីលានបានតែ ១២ នាទីប៉ុណ្ណោះបន្ទាប់ពីប្តូរចូលជំនួស Ander Herrera ដែលជាសមាជិកថ្មីរបស់ PSG បន្ទាប់ពីការផ្ទេរដោយឥតគិតថ្លៃកាលពីខែមុនបន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយ Manchester United ផុតកំណត់។

ការប្រកួតបានធ្វើឡើងនៅកីឡដ្ឋាន Shenzhen Universiade Sports Center ស្ថិតនៅភាគអាគ្នេយ៍ប្រទេសចិន។​

PSG បច្ចុប្បន្ន​បានឈ្នះពានរង្វាន់បើករដូវកាលនេះ ៧ ឆ្នាំជាប់ៗគ្នាហើយ ដោយបានបំបែកកំណត់ត្រាចាស់ជ័យជម្នះ ៦ លើកជាប់ៗគ្នារបស់ Lyon ក្នុងរវាងឆ្នាំ ២០០២ និង ២០០៧។

ទស្សនា​វីដេអូ​ហាយឡាយ​

ប្រភព៖ BBC