បើតាមប្រភពពីគេហទំព័រកីឡា របស់អ៊ីតាលីមួយបានលើកឡើងថា កីឡាករ Cristiano Ronaldo បានរួមចំណែកយ៉ាងធំធេងសម្រាប់ក្លិប Juventus ជាពិសេសគឺការបង្កើនប្រាក់ចំណេញ និងប្រជាប្រិយភាពរបស់ក្លិបផ្ទាល់តែម្តង។
ភាពល្បីល្បាញ និងកេរ្តិ៍ឈ្មោះដ៏អស្ចារ្យរបស់ Ronaldo បានក្លាយជាប្រយោជន៍យ៉ាងធំមួយសម្រាប់ក្លិប Juventus ជាក់ស្ដែងបើតាមការទម្លាយនូវ របាយការណ៍ហិរញ្ញវត្ថុរបស់ក្លិបនារដូវកាល២០១៨–២០១៩ ដោយប្រភពពីគេហទំព័រអ៊ីតាលីមួយ នាពេលកន្លងទៅបានបង្ហាញថា ក្លិបបានទទួលប្រាក់ចំណេញច្រើនជាងរដូវកាលមុនជាង ៦០លានដុល្លារក្រោយការមកដល់របស់ Ronaldo។
ក្រៅតែពីប្រាក់ចំណេញនេះក្លិប Juventus ត្រូវបានគេប៉ាន់ស្មានថា អាចនឹងកើនចំនួនអ្នកគាំទ្រជាង ៤០លាននាក់បន្ថែមទៀតនៅជុំវិញពិភពលោក។ ជាក់ស្ដែងក្រោយការមកដល់របស់ Ronaldo ចំនួនអ្នកគាំទ្រដែលបាន Follow ទំព័រ Instagram ផ្លូវការរបស់ក្លិបបានកើនឡើងជាង ៣២លាននាក់ហើយគិតមកទល់បច្ចុប្បន្ន។
ជាងនេះទៅទៀតក្រុមហ៊ុន Jeep ដែលជាដៃគូឧបត្ថម្ភធំរបស់ក្លិប ក៏បានព្រមព្រៀងក្នុងការបន្តកិច្ចសន្យាជាមួយក្លិបនៅអ៊ីតាលីនេះបន្តទៀតផងដែរ ដែលកត្តានេះត្រូវបានគេជឿជាក់ថា អាចរួមផ្សំមកពីឥទ្ធិពលរបស់ Ronaldo ជាមួយឯកសណ្ឋានខ្មៅ-សនេះផងដែរ៕