ខ្សែបម្រើវ័យ ២០ឆ្នាំ របស់ក្លឹប Atletico Madrid កីឡាករ Joao Felix បានក្លាយជាម្ចាស់ពានរង្វាន់យុវជន Golden Boy ប្រចាំឆ្នាំ ២០១៩ បន្ទាប់ពីប្រកាសលទ្ធផល កាលពីនៅថ្ងៃទី ២៧ ខែវិច្ឆិកា ម្សិលមិញនេះ។
ការទទួលបានពានរង្វាន់លំដាប់កំពូលសម្រាប់ចំណោមកីឡាករយុវជននេះ គឺបន្ទាប់ពីកីឡាករវ័យក្មេងព័រទុយហ្កាល់រូបនេះ បានបង្ហាញទេពកោសល្យ និងសមត្ថភាពយ៉ាងអស្ចារ្យ កាលពីរដូវកាលមុន ក្នុងក្លឹប Benfica។ ដោយគេអាចរកបាន ២០គ្រាប់ និង assists បាន ១១ដង ក្នុងការបង្ហាញខ្លួនឲ្យ Benfica បាន ៤៣ប្រកួត មុនពេលផ្ទេរមកកាន់ក្លឹប Atletico Madrid។
មិនត្រឹមតែប៉ុណ្ណោះ Felix ក៏ជាកីឡាករម្នាក់ ដែលបានឈ្នះពាន Primeira Liga ជាមួយនឹងក្លឹប Benfica និងបានជួយព័រទុយហ្កាល់ឈ្នះជើងឯក UEFA Nations League ជាលើកដំបូងនៅដើមឆ្នាំ ២០១៩នេះ។
ក្រោយពីការប្រកាសពានរង្វាន់នោះ Felix បានប្រាប់សារព័ត៌មាន Tuttosport ថាជោគជ័យនេះ គឺបានមកពីក្លឹបចាស់របស់គេ (Benfica។ Felix បន្តថា “អរគុណដល់ Tuttosport សម្រាប់ពានរង្វាន់ Golden Boy ឆ្នាំ ២០១៩ ខ្ញុំពិតជាមានមោទនភាពណាស់ វាគឺជាលើកទី២ ដែលកីឡាករពី Atletico Madrid បានឈ្នះពាននេះ ប៉ុន្តែខ្ញុំសូមអរគុណដល់ Benfica ក៏ដូចជាលោកគ្រូ Bruno Lage សម្រាប់ការធ្វើរឿងគ្រប់យ៉ាងដល់ខ្ញុំ និងគ្រួសារខ្ញុំ”។
ខាងក្រោមជាបេក្ខភាព ១០នាក់ចុងក្រោយនៃពានរង្វាន់ Golden Boy ២០១៩៖
១. Joao Felix (Benfica, Atletico Madrid)
២. Jadon Sancho (Borussia Dortmund)
៣. Kai Havertz (Bayer Leverkusen)
៤. Erling Braut Haaland (RB Salzburg)
៥. Matthijs de Ligt (AFC Ajax, Juventus)
៦. Ansu Fati (Barcelona)
៧. Phil Foden (Manchester City)
៨. Gianluigi Donnarumma (AC Milan)
៩. Nicolo Zaniolo (AS Roma)
១០. Donyell Malen (PSV Eindhoven)
១១. Mason Mount (Chelsea)៕