ក្រុមបាល់ទាត់ចិន Guangzhou Evergrande បានបន្តដំណើរឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃក្របខណ្ឌក្លិបកំពូលអាស៊ី AFC Champions League ក្រោយទម្លាក់ក្រុមការពារតំណែងជើងឯកជប៉ុន Kashima Antlers។
មួយគ្រាប់របស់ Anderson Talisca គ្រប់គ្រាន់ល្មមសំរាប់ក្រុមរបស់លោក Fabio Cannavaro ឡើងវគ្គបន្ត បន្ទាប់ពីស្មើនៅទឹកដីខ្លួនឯងកាលពីជើងទី១ ០–០។ Talisca រកបានគ្រាប់នាំមុខនៅនាទីទី៤០ ឲ្យ Guangzhou Evergrande មុនពេលដែលក្រុមម្ចាស់ផ្ទះ Kashima Antlers តាមស្មើវិញនៅនាទីទី៥១ ក្នុងវគ្គទី២ ដោយ Leo Silva។ ក្រុមម្ចាស់ផ្ទះមិនមានសំណាងឡើងក្នុងការប្រកួតនេះ បន្ទាប់ពីតាមស្មើហើយ Serginho ក៏មានឱកាសស៊ុតមួយជើងយ៉ាងល្អ តែរារាំងដោយរបាទី មុនពេលដែល Leo Silva ស៊ុតតែរារាំងដោយខ្សែការពារ Guangzhou។
ចប់ការប្រកួត ១–១ នៅទឹកដីជប៉ុនធ្វើអោយ Guangzhou Evergrande ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយរូបមន្តគ្រាប់ក្រៅដី (Away Goal)។ ដូច្នេះ Guangzhou Evergrande នឹងឡើងជួបក្រុមជប៉ុនមួយទៀត Urawa Reds ដើម្បីកៅអីនៅវគ្គផ្ដាច់ព្រ័ត្រ៕