Flamengo ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ FIFA Club World Cup រង់ចាំ Liverpool ប្រកួត​នឹង Monterrey ថ្ងៃនេះ​

358

​ក្រុម Flamengo​ របស់​ប្រេ​ស៊ី​ល ​បាន​វាយបកយកឈ្នះ​ក្រុម​អា​រ៉ា​ប៊ី​សា​អូឌីត ​Al Hilal ​ក្នុង​លទ្ធផល ៣-១ ដើម្បី​ឈានឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ FIFA Club World Cup​។ ​​

កីឡាករ Salem Al Dawsari​ ជាអ្នករក​គ្រាប់​នាំមុខ​ឲ្យ​ ​Al Hilal​ នៅ​នាទី ​១៨’ មុនពេលកីឡាករ Giorgian de Arrascaeta សញ្ជាតិ​អ៊ុយរុយហ្គាយ​​ជាអ្នករក​គ្រាប់​​តាម​ស្មើ​​ឲ្យ Flamengo វិញ​នាទី ៤៩’ វគ្គទី២​។​

​​មិនយូរប៉ុន្មាន Bruno Henrique ជាអ្នកបន្ថែមគ្រាប់ទី ២ ដោយការ​តែ​ត​នៅនាទី ៧៨’ ខណៈកីឡាករ Ali Albulayhi​ ភ្លាត់​ចូល​ទី​ខ្លួនឯងនៅនាទី ៨២​’ ​បណ្តាលឲ្យ​​ក្រុម​ជើងឯក Copa Libertadores​, Flamengo យកឈ្នះក្រុមជើងឯក AFC Champions League, Al Hilal ដោយលទ្ធផល ៣-១​។ ​

ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ Flamengo ​នឹង​ត្រូវ​ជួប Liverpool ឬ Monterrey នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ ខណៈ​ក្រុម​របស់​លោក Jurgen Klopp​ ត្រូវ​ប្រកួត​នឹង​ក្រុម​ម៉ិ​ក​ស៊ិ​ក Monterrey ថ្ងៃ​ពុធ​នេះ​៕