Coutinho ​ប្រាប់​ពីអារម្មណ៍​​ដែល​ចាកចេញ​ពី Liverpool

1297

​ខ្សែបម្រើ Philippe Coutinho បានបង្ហើបប្រាប់ថា​​គេ​មិន​ស្ដាយ​ក្រោយ​នោះទេ ដែលបានសម្រេច​​ចិត្ត​ចាក​ចេញ​ពី​ក្លឹប​ Liverpool។

បច្ចុប្បន្ន​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូបនេះ​ កំពុង​លេង​ក្នុងកុងត្រា​ខ្ចីជើង​​មួយ​រដូវកាល​នៅ​ក្លឹប​ Bayern Munich និងមានជម្រើសអាច​ទិញ​ដាច់ជាអចិន្ត្រៃយ៍ក្នុង​តម្លៃ​ ១២០លាន​អឺរ៉ូ​ក្នុង​រដូវក្ដៅ​នេះ។ Coutinho បាន​ចាក​ចេញ​ពី Liverpool ក្នុងខែមករា ឆ្នាំ២០១៨ ហើយ​បាន​ចូលរួម​ជាមួយ​ក្លឹបយក្ស​ Barcelona ក្នុង​តម្លៃ ១៤៥លានអឺរ៉ូ។

យ៉ាងណាមិញ កីឡាករ​ដែល​មានវ័យ ២៧ឆ្នាំ​រូបនេះ​ ជួបការលំបាក​ក្នុងការ​សម្រប​នឹង​ជីវិត​​នៅ​ Barcelona ញ៉ាំង​ឱ្យ​គេចាកចេញ​ពីទឹកដី Camp Nou ក្រោយ​ចំណាយ​ពេល​លេង​បាន ១៨ខែ។

ពេល​ផ្ដល់​បទ​សម្ភាសន៍​​ឱ្យ​សារព័ត៌មាន Sports Illustrated, Coutinho បានប្រាប់ថា​៖ “ខ្ញុំ​មិន​ស្ដាយ​ក្រោយ​ទេ​ ខ្ញុំ​បាន​ដើរ​ផ្លូវ​ថ្មី​មួយ​ផ្សេង​​ពី​​ Liverpool ដូច​កីឡាករ​ដទៃ​ទៀតដែរ ខ្ញុំ​កំពុង​ខិត​ខំ​នៅ​ក្លឹប​ដែល​ខ្ញុំ​បាន​លេង​ឲ្យ​សព្វ​ថ្ងៃ​នេះ​ ដើម្បី​សម្រេច​ក្ដី​ស្រមៃថ្មីមួយ”៕