BTV Cup៖ ក្រុម U20 កម្ពុជា ប៉ះមីយ៉ាន់ម៉ា ដណ្ដើមលេខ៣ ល្ងាចនេះ

713

ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា នឹងត្រូវប៉ះក្រុម U20 មីយ៉ាន់ម៉ា ដើម្បីដណ្ដើមយកចំណាត់ថ្នាក់លេខ៣ នៃពានរង្វាន់ U20 BTV Cup 2019 នាវេលាម៉ោង ៦ល្ងាចនេះ នៅកីឡដ្ឋាន Binh Duong ប្រទេសវៀតណាម។

គួរដឹងថា ការប្រកួតនេះ បានកើតឡើងបន្ទាប់ពីក្រុមទាំងពីរ បានរងបរាជ័យដូចគ្នា ក្នុងប្រកួតដំបូងនៃពានរង្វាន់មិត្តភាពអន្ដរជាតិខាងលើ ពោលគឺក្រុម U20 កម្ពុជា បានចាញ់ក្រុម U20 វៀតណាម ៣-០ ខណៈក្រុម U20 មីយ៉ាន់ម៉ា បានចាញ់ក្រុមម្ចាស់ផ្ទះ Becamex Binh Duong ដោយបាល់ប៉េណាល់ទី ៥-៤ ក្រោយប្រកួតពេញម៉ោងស្មើគ្នា ៣-៣។

លោក Gyotoku Koji គ្រូបង្វឹកក្រុមគោព្រៃជំទង់កម្ពុជាបានឲ្យដឹងថា ទោះបីនេះគឺជាការប្រកួតមិត្តភាព តែលោកបានត្រៀមខ្លួនជាស្រេច ដើម្បីប្រកួតប្រជែង និងជំរុញកូនក្រុមខំប្រឹងឲ្យអស់ពីសមត្ថភាព ក្នុងគោលបំណងចង់ដឹងពីការវិវត្តន៍សមត្ថភាពរបស់កូនក្រុម។ ហើយការប្រកួតចុងក្រោយនេះ កីឡាករម្នាក់ៗក៏បានតាំងចិត្តធ្វើឲ្យបានល្អមកវិញផងដែរ។

គួរបញ្ជាក់ថា ពានរង្វាន់មិត្តភាពអន្ដរជាតិ BTV Cup 2019 នេះ គឺមាន ៤ក្រុមចូលរួមប៉ុណ្ណោះ ហើយក្រោយប្រកួតខ្វែងគ្នា ក្រុមឈ្នះ បានឡើងវគ្គផ្ដាច់ព្រ័ត្រ គ្រាដែលក្រុមចាញ់ ត្រូវជួបគ្នាដណ្ដើមលេខ៣។ ចំពោះបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រវិញ គឺក្រុម U20 វៀតណាម និងក្រុមយុវជន Becamex Binh Duong នឹងត្រូវជួបគ្នាល្ងាចស្អែក ដើម្បីដណ្ដើមជើងឯក៕