Abdulla ក្លាយជាកីឡាករបារ៉ែនដំបូងគេ បង្ហាញ​ខ្លួននៅ Champions League

346

ខ្សែប្រយុទ្ធជម្រើសជាតិបារ៉ែន Abdulla Yusuf Helal បានក្លាយជាកីឡាករបាល់ទាត់ដំបូងគេរបស់បារ៉ែន ដែលបានចូលរួមលេងក្នុងព្រឹត្តិការណ៍ពានរង្វាន់ UEFA Champions League រដូវកាល ២០១៩/២០ នេះ។

ខ្សែប្រយុទ្ធ​វ័យ ២៦ ឆ្នាំរូបនេះបានប្តូរចូលលេងក្នុងតង់ទី ២ គ្រាដែលក្រុមរបស់ខ្លួន Slavia Prague កំពុងតែនាំមុខ ១-០ លើក្រុមរបស់លោក Antonio Conte នាប្រកួតបើកឆាកកាលពីថ្ងៃអង្គារក្នុងទឹកដី San Siro របស់ Inter ប៉ុន្តែមិនអាចជួយក្រុមដណ្តើមបាន ៣ ពិន្ទុក្នុងពូល F បានបន្ទាប់ពី Nicolo Barella រកគ្រាប់បាល់តាមស្មើសម្រាប់ក្រុមម្ចាស់ផ្ទះនៅនាទី ៩០’។

ក្រុម Slavia Prague គឺជាបេក្ខភាពមួយមកពីសាធារណៈរដ្ឋឆែក ដែលនិងត្រូវជួបក្រុមខ្លាំង Barcelona និង Borussia Dortmund បន្ទាប់នៅក្នុងពូល F នៃពានរង្វាន់ UEFA Champions League ២០១៩/២០​។

Abdulla បានឈានជើងចូលក្នុងតំបន់អឺរ៉ុបដោយចូលរួមជាមួយក្លឹប Bohemians នៅខែកក្កដាឆ្នាំ ២០១៨ ក្រោយមកក្រុមយក្សឆែក Slavia បានចុះហត្ថលេខាទិញយកកាលពីខែមករាឆ្នាំ ២០១៩ ហើយបានដាក់ឲ្យ Bohemians ខ្ចីជើង​វិញសម្រាប់រយៈពេលនៅសល់នៃរដូវកាលមុន។

កីឡាករ​រូបនេះក៏ជាផ្នែកមួយនៃក្រុមជម្រើសជាតិបារ៉ែន ដែលបានយកឈ្នះកម្ពុជា ១-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងការប្រកួតជម្រុះ FIFA World Cup ឆ្នាំ ២០២២ កាលពីពេលថ្មីៗ​នេះផងដែរ​។