អ៊ីរ៉ង់តែងតាំងគ្រូថ្មី ត្រៀមបង្ហាញថ្វីដៃថ្ងៃប៉ះហុងកុង និងកម្ពុជាជើងទី ២ ជម្រុះ World Cup

802

គ្រូបង្វឹក​សញ្ជាតិ​ក្រូអាតលោក Dragan Skocic ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិអ៊ីរ៉ង់ជំនួសលោក Marc Wilmots ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីចុងឆ្នាំមុន។

គ្រូបង្វឹកវ័យ ៥១ ឆ្នាំរូបនេះទើបតែបានលាឈប់ពីតំណែងជាគ្រូបង្វឹកនៃក្រុមលីគកំពូលអ៊ីរ៉ង់ Sanat Naft Abadan FC កាលពីថ្ងៃអង្គារហើយឥឡូវនេះបានចុះកិច្ចព្រមព្រៀងជាមួយសហព័ន្ធបាល់ទាត់អ៊ីស្លាមអ៊ីរ៉ង់ (FFIRI)។

គាត់នឹងក្លាយជាជនជាតិក្រូអាតទី ៥ ដែលទទួលខុសត្រូវលើក្រុមជម្រើសជាតិអ៊ីស្លាមមួយនេះ បន្ទាប់ពីលោក Stanko Poklepovic, Tomislav Ivic, Miroslav Blazevic និង Branko Ivankovic ។

បច្ចុប្បន្នអ៊ីរ៉ង់ឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុងពូល C ដោយមាន ៦ ពិន្ទុពី ៤ ប្រកួតនិងមាន ៥ ពិន្ទុនាំមុខក្រុមអ៊ីរ៉ាក់និង ៣ ពិន្ទុនៅពីក្រោយបារ៉ែនដែលក្រុមទាំងពីរប្រកួតបានច្រើនជាងអ៊ីរ៉ង់។

ការប្រកួតជម្រុះ World Cup ក្នុងការបង្ហាញខ្លួនដំបូងរបស់គ្រូបង្វឹកថ្មីលោក Skocic នឹងត្រូវជួបជាមួយហុងកុងនៅថ្ងៃទី ២៦ ខែមីនាដែលនឹងត្រូវបន្តប៉ះកម្ពុជានៅថ្ងៃទី ៣១ ខែមីនា។ បន្ទាប់មកពួកគេនឹងត្រូវប្រឈមមុខជាមួយអ៊ីរ៉ាក់និងបារ៉ែននៅខែមិថុនាឆ្នាំ ២០២០ ដើម្បីបញ្ចប់យុទ្ធនាការជុំទី ២ នៃការប្រកួតជម្រុះ World Cup ។