អាថ៌កំបាំងនៃការផ្ទេរ Ighalo ពីចិនមក Man Utd យ៉ាងតក់ក្រហល់

7400

នៅមុនទីផ្សារដោះដូរកីឡាករបិទទ្វារតែប៉ុន្មាន​ម៉ោង Manchester United បាន​សម្រេចចិត្ត​ចុះកុងត្រា​ខ្ចីជើងកីឡាករ Odion Ighalo ពីក្របខ័ណ្ឌលីគកំពូលចិន Chinese Super League យ៉ាងគួរឲ្យភ្ញាក់ផ្អើល។

តែយ៉ាងណាគឺមានអាថ៌កំបាំងនៅពីក្រោយ។ បើយោងតាម​សារព័ត៌មាន The Sun គឺ Man Utd មិនបាន​ធ្វើតេស្ត​សុខភាព Odin Ighalo មុន​ពេលសម្រេចចិត្ត​ចុះកុងត្រា​ជាផ្លូវការនោះទេ ដែលប្រការនេះបាន​ធ្វើឲ្យ​មានភាពចលាចលក្នុង​ការខ្ចីជើង។

ជាពិសេសខ្សែប្រយុទ្ធនីស្សេរីយ៉ាវ័យ ៣០ ​ឆ្នាំម្នាក់នេះមិនមែនជាជម្រើសដែល Man Utd ចង់​ខ្ចីជើងនៅខែមករានេះនោះទេ Man Utd ចង់​បានកីឡាករពីចិន​ដែរ​គឺ Salomon Rondon ដែ​លធ្លាប់លេងនៅ Newcastle ហើយពេលនេះ កំពុងលេងនៅក្លឹប​ចិន Dalian Yifang។

ប៉ុន្តែដោយសារតែ Rondon បដិសេដដូច្នេះទើប​នៅម៉ោង​ចុងក្រោយ ដើម្បីបំពេញ​ប្រហោងខ្សែប្រយុទ្ធដែល​ជាគំរោងរបស់​ប្រធានក្លឹបលោក Ed Woodward ក្លឹប​ក៏សម្រេចចុះកុងត្រា​ជាមួយ Ighalo យ៉ាងតក់ក្រហល់តែម្តង។

សូម្បីតែភ្នាក់ងាររបស់ Ighalo ដែល​ជាភ្នាក់ងាររបស់កីឡាករអាហ្វ្រិកនេះ ១៣ ឆ្នាំមកហើយក៏បានអះអាងថា នេះគឺជាការដោះដូរដ៏សែន​ជ្រួល​ច្របល់បំផុត ព្រោះអ្វីគ្រប់យ៉ាងធ្វើឡើងមិន​ដល់ ៨ម៉ោងផងមុន​ទីផ្សារដោះដូរកីឡាករត្រូវបិទទ្វារ។

គួរជម្រាបជូនថា Ighalo មានកុងត្រា​ខ្ចីជើងជាមួយ Man Utd រយៈពេល ៦ខែដល់​ចុងរដូវកាលនេះតែប៉ុណ្ណោះ។ រូបគេនឹងទទួលបាន ៣លានផោន ក្នុង​អំឡុងពេលនេះបូករួមនឹងប្រាក់ប្រចាំសប្តាហ៍ច្រើន​ជាងកីឡាករធម្មតាក្នុងក្លឹប៕

អត្ថបទ​៖ Foxsports