អតីត​ខ្សែប្រយុទ្ធក្លឹប Atletico Madrid ចង់លេង​ឲ្យជម្រើសជាតិម៉ាឡេស៊ី

1198

ខ្សែប្រយុទ្ធរបស់ក្លឹប Selangor FA កីឡាករ​ Rufino Segovia de Burgo បានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការលេងឲ្យក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី។

Rufino កើតនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ បានចូលរួមជាមួយ​ក្លឹប Selangor FA តាំងពីឆ្នាំ ២០១៧ បន្ទាប់ពីផ្លាស់មកពីក្លឹប Kitchee SC របស់ ហុងកុង។ ខ្សែប្រយុទ្ធ​វ័យ ៣៤ឆ្នាំរូបនេះធ្លាប់លេងឲ្យក្លឹបអេស្ប៉ាញ Rayo Vallecano, Atletico Madrid និង Albacete ។

ក្រោយផ្លាស់មកលេងនៅលីគកំពូលម៉ាឡេស៊ី រូបគេធ្លាប់ជាម្ចាស់ស្បែកជើងមាសក្នុងឆ្នាំ ២០១៨ ដោយរកបាន ១៩ គ្រាប់ និង Assist ៧ គ្រាប់ក្នុង ២២ ប្រកួតសម្រាប់ Selangor FA។

ថ្លែង​ប្រាប់កាសែត New Straits Times, Rufino និយាយ​ថា “ វាជាក្តីស្រម៉ៃមួយក្នុងការលេងឲ្យជម្រើសជាតិម៉ាឡេស៊ី ខ្ញុំសង្ឃឹមថាវានឹងក្លាយជាការពិត ខ្ញុំស្រឡាញ់​ប្រទេសម៉ាឡេស៊ី ប្រជាជននៅទីនេះពិតជាអស្ចារ្យណាស់ ” ។

តែទោះជាយ៉ាងណា កីឡាករ​រូបនេះអាចចូលសញ្ជាតិម៉ាឡេស៊ីបាន ដរាបរូបគេរស់នៅយ៉ាងហោចណាស់ ៥ឆ្នាំ និងគោរពតាមគោលការច្បាប់របស់ប្រទេសនេះ ខណៈអាយុរបស់គេក៏អាចមានឧបសគ្ភសម្រាប់ចូលជម្រើសជាតិមួយនេះផងដែរ។​