អតីតខ្សែការពារក្លឹប Mönchengladbach ផ្លាស់មកចូលរួមជាមួយក្លឹបម៉ាឡេស៊ី Selangor FC

128

ក្លឹប Selangor FC របស់ម៉ាឡេស៊ី បាននាំចូលខ្សែការពារសញ្ជាតិអាឡឺម៉ង់ Tim Heubach នេះបើតាមការប្រកាសនៅលើគណនីបណ្តាញសង្គមរបស់ក្លឹប ។

កីឡាករវ័យ ៣២ ឆ្នាំរូបនេះជាចំណូលថ្មីទី ២ ដែលក្លឹបបានចុះហត្ថលេខាសម្រាប់ត្រៀមប្រកួតប្រជែងក្នុងលីគកំពូលម៉ាឡេស៊ីរដូវកាលក្រោយ ។

Heubach មានបទពិសោធន៍លេងនៅក្របខ័ណ្ឌ Bundesliga អាឡឺម៉ង់ ជាមួយក្រុមល្បីៗមួយចំនួនដូចជា Borussia Mönchengladbach, FSV Frankfurt និង FC Kaiserslautern ។

ខ្សែការពារកម្ពស់ ១,៩២ ម៉ែត្រក៏ធ្លាប់ប្រកបអាជីពនៅក្រៅប្រទេសផងដែរ ជាមួយក្រុម Maccabi Netanya របស់ក្របខ័ណ្ឌលីគកំពូលអ៊ីស្រាអែលអស់រយៈពេល ៣ រដូវកាលដែលរូបគេបង្ហាញខ្លួនបាន ៧៥ ប្រកួតនិងស៊ុតបញ្ចូលទីបាន ៦ គ្រាប់ ។

Selangor FC ដែលទើបតែងតាំងគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់លោក Karsten Neitzel ធ្វើជាគ្រូបង្វឹកថ្មីនោះ បានចុះកុងត្រាជាមួយចំណូលថ្មីទី ១ គឺខ្សែប្រយុទ្ធម៉ាឡេស៊ី Shahrel Fikri ពីក្លឹប Perak ដែលរកបាន ១០ គ្រាប់នៅរដូវកាលមុន ។