ហេតុផល ៤ ដែល​ធ្វើឲ្យជំនួប​រវាងបឹងកេត និងភ្នំពេញក្រោន ជា​ការប្រកួត​ធំបំផុត​ប្រចាំ​រដូវកាល

451

ក្រុមបឹងកេត និងភ្នំពេញក្រោន បាន​ចែកគ្នាម្នាក់១ពិន្ទុ ក្រោយ​ស្មើគ្នា ៤-៤ ក្នុង​សប្ដាហ៍​ទី១៤ នៃលីគ​កំពូល​កម្ពុជា កាលពីថ្ងៃ​អាទិត្យ ទី៧ ខែកក្កដា​កន្លងទៅ នៅ​កីឡដ្ឋាន Smart RSN របស់ភ្នំពេញក្រោន (ដោយសារ​តែ​កីឡដ្ឋាន Cambodia Airways របស់​បឹងកេត សាងសង់​មិនទាន់​រួចរាល់)។

ការប្រកួតនេះ ត្រូវ​បានគេ​ចាត់​ទុក​ថា​ជា​ការប្រកួត​ធំជាងគេ ប្រចាំ​លីគ​កំពូល​កម្ពុជា។ Khmer Sport សូម​លើក​យក​ហេតុផល ៤ មក​បញ្ជាក់ ដូចខាងក្រោម៖

១. ក្រុមទាំង២ ជាគូប្រជែង​ដ៏ក្ដៅគគុក ជាច្រើនឆ្នាំមកហើយ

ជំនួបរវាង​ភ្នំពេញក្រោន និងបឹងកេត ត្រូវបានគេ​ដាក់ឈ្មោះឲ្យ​ថា​ជា The Cambodiam Classic Match ដោយសារ​តែ​ការប្រកួត​នេះ តែងតែជាក់ចិត្ត និង​ក្ដៅគគុក។ មានអ្នកគាំទ្រ​ខ្លះ បានហៅ​ការប្រកួត​នេះ​ថា​ជា El Clasico ខ្មែរ​ថែមទៀតផង ដោយប្រៀបប្រដូច​ទៅ​នឹង​ជំនួប​ El Clasico នៅ​អេស្ប៉ាញ​រវាង Real Madrid និង Barcelona។ មិន​ខុស​ពីការ​រំពឹងទុក​នោះទេ ការជួបគ្នា​ជាថ្មី​រវាង​ក្រុមទាំង២ នា​ជើង​ទី២ នៃ​លីគ​កំពូល​កម្ពុជានេះ នៅតែ​ធ្វើ​ឲ្យអ្នកគាំទ្រ​ជក់ចិត្ត និងពុះ​កញ្ជ្រោល ដូចការប្រកួត​មុនៗដែរ។ ក្រៅ​ពី​សម្រុក​គ្នា​ទៅវិញទៅមក ក៏​មាន​ការ​ប៉ះ​ទង្គិច​គ្នាលើ​ទីលាន​រវាង​កីឡាករ​នៃ​ក្រុមទាំង២ ផងដែរ។

២. ក្រុមទាំង២ មានអ្នកគាំទ្រ​ច្រើនដូចគ្នា

រឿង​មួយទៀត​ដែល​មិន​អាច​ប្រកែក​បាន គឺ​ក្រុម​ទាំង២ ជាក្រុម​ដែល​មាន​អ្នកគាំទ្រ​ច្រើនជាងគេ។ ទោះ​មិន​មាន​ស្ថិតិ​ច្បាស់លាស់ ប៉ុន្តែ​គេ​អាច​ដឹង​បាន តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ទាំង​លើ​ផេក​ផ្លូវការ​នៃក្លឹប​ទាំង២ ក៏ដូចជា​នៅ​លើ​ផេក​អ្នកគាំទ្រ​នៃ​ក្រុមទាំង២ ជាច្រើនទៀត។ ដោយសារតែបែប​នេះហើយ គឺ​ឲ្យ​ក្រុម​ទាំង២ប៉ះគ្នា ចំនួន​អ្នក​ទស្សនា តែង​កើន​ឡើង​ ខុស​ប្លែក​ពី​ធម្មតា បើធៀប​ការប្រកួត​នៅរាជធានី​ភ្នំពេញ រវាង​គូផ្សេងទៀត។ ជាក់ស្ដែង ផ្លូវចូល​ទៅកាន់​កីឡដ្ឋាន Smart RSN បាន​កក​ស្ទះ​យ៉ាង​ខ្លាំង តាំងពីមុន​ការប្រកួត រហូត​ការ​ប្រកួត​ចាប់ផ្ដើម ក៏​នៅតែ​មាន​អ្នកគាំទ្រ​កកកុញ នៅ​ក្រៅ​កីឡដ្ឋានដដែល។

៣. ការឌឺដង និង​​ឆ្លើយឆ្លង​ពាក្យសម្ដីរវាង​អ្នកគាំទ្រ និងគ្រូបង្គោល​នៃ​ក្រុមទាំង២

អ្នកគាំទ្រ​នៃក្រុមទាំង២ បាន​ឌឺដង​គ្នា ឆ្លើយឆ្លងគ្នា​ តាំងពី​មុន​ការប្រកួត​មួយ​សប្ដាហ៍​ម្ល៉េះ។ ក្រុម​អ្នកគាំទ្រ ​២ ដែល​សកម្មជាងគេ គឺ​ក្រុម The Red (page The Red) របស់​ភ្នំពេញក្រោន និងក្រុម BK12 (page អ្នកគាំទ្រក្លិបបឹងកេត-Boeung Ket FC Fans Club) របស់​បឹងកេត។ ក្រៅពី page ទាំង២ ក៏មាន​ Page អ្នកគាំទ្រ​នៃ​ក្រុម​ទាំង២ ជាច្រើនទៀតផងដែរ។ ការ​ឆ្លើយឆ្លង​គ្នា​នេះហើយ ដែល​ធ្វើ​ឲ្យការប្រកួត កាន់តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង បើទោះបី​ជា​ក្រុមទាំង២ មិន​មែនជា​ក្រុម​ដែល​កំពុង​ឈរ​កំពូល​តារាង​ក៏ដោយ។ បន្ថែម​លើ​អ្នកគាំទ្រ គេ​ក៏សង្កេត​ឃើញ​គ្រូបង្គោល​នៃ​ក្រុមទាំង ២ បង្ហោះ​សារ​ឆ្លើយឆ្លង​គ្នា​ផងដែរ។ យ៉ាងណាក្ដី ការឆ្លើយឆ្លង​រវាង​អ្នកគាំទ្រ និងរវាង​គ្រូបង្គោល​នៃក្រុមទាំង២ គឺ​​ក្នុង​ន័យ​បង្ហាញ​ការ​ជឿជាក់​លើ​ក្រុម​រៀង​ខ្លួន មិន​មែន​ក្នុង​ន័យ​ឈ្លោះ​ប្រកែក​គ្នា​នោះទេ។ ការ​ឆ្លើយឆ្លងគ្នានេះ ក៏ជាចំណែក​ជួយ​ឲ្យ​លីគ​កំពូល​កម្ពុជា កាន់តែ​ទទួល​ការ​ចាប់​អារម្មណ៍​ផងដែរ។

៤. ការវិលត្រឡប់ នៃ​កីឡាករ​ដែលធ្លាប់​សាង​ស្នាដៃ​នៅ​ក្លឹប​ទាំង២

ការវិលត្រឡប់​របស់​ចាន់ វឌ្ឍនាកា របស់​បឹងកេត និងការ​វិលត្រឡប់​របស់ Shane Booysen របស់​ភ្នំពេញក្រោន នា​​ជើង​ទី២ នៃ​លីគ​កំពូល​កម្ពុជា ក៏ជាចំណែកជួយបង្កើន​ការ​ចាប់​អារម្មណ៍​លើ​ការប្រកួត​រវាង​ក្រុមទាំង២ ផងដែរ ដោយសារ​កីឡាករទាំង២ សុទ្ធតែ​ធ្លាប់​សាង​ស្នាដៃ​ច្រើន មុន​ពេលចាកចេញ​នា​ពេល​កន្លងមក។ មិន​ខុស​ពី​ការ​រំពឹង​ទុក​នោះទេ កីឡាករ​ទាំង២ បាន​ស៊ុត​បញ្ចូលទី ២គ្រាប់​ដូចគ្នា ជួយ​ឲ្យ​ក្រុមទាំង២ ស្មើគ្នា ៤-៤។

ចុះសម្រាប់ប្រិយមិត្ត យល់ស្របឬអត់ថា​ជំនួប​រវាង​ក្រុមទាំង២ ជា​ជំនួប​ធំបំផុត​ប្រចាំលីគ​កំពូល​កម្ពុជា? បើយល់ស្រប តើប្រិយមិត្ត មានចំណុច​ផ្សេង ក្រៅពី ៤ ចំណុចដែល Khmer Sport លើកឡើង​នេះ​ដែរឬទេ?

ទស្សនា​វីដេអូហាយឡាយ ខាងក្រោមនេះ (វីដេអូ CNCC)៖