សៀង ចន្ធា បន្ត​​ជួយ​ជម្រើស​ជាតិប៉ះបារ៉ែន មុន​ឡើង​យន្ត​ហោះទៅ​ជប៉ុន​ទាំង​យប់​

610

ប្រ​ភព​ស្និទ្ធ​នឹង​ក្រុម​គ្រូ​បង្វឹក​​បាន​​ឲ្យ​ដឹង​ថា​ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង សៀង ចន្ធា ​បន្ត​នៅ​ជួយ​ក្រុម​ជម្រើសជាតិ​​ពេល​ប៉ះ បារ៉ែន នៅ​ថ្ងៃ​ទី ១០ កញ្ញា ទោះ​​​ត្រូវ​កម្មវិធី​​ទៅ​ហាត់​នៅ​ជប៉ុន​ក្ដី។  ​ប្រភព​ដដែល​បន្ត​ថា​ ​បន្ទាប់​ពី​ប្រកួត​ទល់​បារ៉ែន​ចប់ ​អាច​មាន​គ្រូ​ម្នាក់​ជូន  ចន្ធា​ ឡើង​យន្ត​ហោះ​ទៅ​ជប៉ុន​ម្នាក់​ឯង​​ទាំង​​យប់​តែ​ម្ដង។

ដំបូង​ឡើយ ចន្ធា ត្រូវ​ឡើង​យន្ត​ហោះ​ជា​មួយ ​គ្រូ​បង្វឹក សាប៊ូន វិនតា, អ្នកចាំទី ថា ចាន់រិទ្ធី និង កីឡាករ អ៊ាន ពិសី ​ប៉ុន្តែ​ត្រូវ​ពន្យារ​ពេល​វិញ​ដោយ​​ទុក​​ឲ្យ​មិត្ត​រួម​ក្រុម​និង​គ្រូ​បង្វឹក​ដឹក​​នាំ​ទៅ​មុន។ ​ចន្ធា និង ​មិត្ត​រួម​ក្រុម​ធ្វេីដំណេីរ​ទៅ​ប្រទេស​ជប៉ុន​ក្នុង​គោល​ដៅ​ទៅ​ហ្វឹកហាត់​និង​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​នៅ​ក្លិប​ Vegalta Sendai (ក្លិប​ J-League 1)។

ដ្បិត​​​​វ័យ​ត្រឹម​ ១៧ ឆ្នាំ​ប៉ុន្តែ ចន្ធា ​បាន​ឆក់​ឱកាស​​ចូល​ឈុត​ជម្រើស​ជាតិ​តាំង​ពី​វគ្គ​ជម្រុះ ជុំ​ទី១ មក​ម៉្លេះ ​ពេល​ឈ្នះ ប៉ាគីស្ថាន​ទាំង​ពីរ​ជើង​ ​២-០  និង ២-១។ អ្វី​គួ​រ​កត់​ស​ម្គាល់ គឺ ​យុវជន​បាទី​អាច​ស៊ុត​បញ្ចូល​ទី១ គ្រាប់​និង​ Assist ​មួយ​កាល​ជុំ​ទី១។

ទោះ​លេង​​ក្នុង​នាម​កីឡា​ករ​ប្ដូរ​ចូល ប៉ុន្តែ ចន្ធា  បាន​បង្កើត​ឱកាស​និង​លេង​ស៊ី​ចង្វាក់ ជា​មួយ​រៀម​ច្បង​គួច សុកុម្ភៈ គួច ដានី  សេត រ៉ស៊ីប និង កែវ សុខផេង​ ជា​ដើម។ ​​កាល​​ស្មើ​ហុងកុង គេ​បាន​អូស​ដាច់​ខ្សែ​ការពារ​​មាឌ​ធំៗ​ហុងកុង និង​ស៊ុត​បុក​បង្គោល​ទី​នៅ​​​នាទី​ទី ៧៤ ​ហើយ​ក៏​បាន​បង្កើត​​ឱកាស​ជា​ច្រើន​ជា​មួយ​សិស្ស​ច្បង​ក្នុង​ក្រុម។

កម្ពុជា​នឹង​ប្រកួត​លើក​ទី២ ក្នុង​ពូល C ជា​មួយ​បារ៉ែន នៅ​ថ្ងៃ ទី១០ កញ្ញា ​ចាប់​ពី​វេលា​ម៉ោង​ ៦ កន្លះ​​​តទៅ។ ​លទ្ធផល​ក្នុង​ពូល​ C  កន្លង​ទៅ កម្ពុជា ស្មើ ហុងកុង ១-១ , អ៊ីរ៉ាក់ ស្មើ ​បារ៉ែន ១-១ និង អ៊ីរ៉ង់​មិន​ទាន់​ប្រកួត​នៅ​ឡើយ៕

វីដេអូ ហាយឡាយ ចន្ធា ស៊ុត​បុក​បង្គោល​នាទី​ទី ៧៤