វិសាខា ចុះ MOU ជាមួយក្លឹបក្របខណ្ឌ J-League 1

288

ក្រុមបាល់ទាត់​កម្ពុជា វិសាខា នៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះ បានប្រកាសជាផ្លូវការអំពីការចុះអនុសារណៈយោគយល់គ្នា(MOU) ជាមួយក្លឹបក្របខណ្ឌ J-League 1 ក្លឹប Yokohama FC។

យោងសេចក្ដីប្រកាសលើបណ្ដាញសង្គមរបស់វិសាខា បានបញ្ជាក់ថា ពិធីចុះ MOU នេះ បានធ្វើកាលពីម្សិលមិញ នៅប្រទេសជប៉ុន ដោយមានការចូលរួមពីឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ប្រធានក្លឹបវិសាខា រួមជាមួយលោក Onodera Hiroshi ប្រធានក្លឹប Yokohama FC ផងដែរ។

ការចុះ MOU ជាមួយក្លឹបក្របខណ្ឌ J-League 1 គឺដើម្បីពង្រឹងចំណងមិត្តភាពកម្ពុជា-ជប៉ុន និងពង្រីកកិច្ចសហប្រតិបត្តិការការងាររវាងក្លឹបទាំងពីរ ពិសេសការផ្លាស់ប្ដូរកីឡករយុវជនថ្នាល ក៏ដូចជាគ្រូបង្វឹក សំដៅជំរុញការអភិវឌ្ឍក្លិបទាំងពីរ ឆ្ពោះទៅរកភាពរីកចម្រើនបន្ថែមទៀត។

គួរបញ្ជាក់ថា ក្នុងរដូវកាលឆ្នាំ២០១៩ ក្លឹប Yokohama FC បានទទួលជើងឯករងក្របខណ្ឌ J-League 2 ដែលនាំឲ្យពួកគេទទួលបានកៅអីឡើងទៅលេងក្របខណ្ឌ J-League 1 នារដូវកាលថ្មី ឆ្នាំ២០២០ ជាមួយក្រុមជើងឯក។ ចំណែកក្រុមវិសាខាវិញ ក៏ជាក្រុមជើងឯករង នៃលីគកំពុលកម្ពុជា ឆ្នាំ២០១៩ នេះផងដែរ៕