វិបត្តិកូរ៉ូណា៖ អូឡាំពិក ២០២០ នៅទីក្រុងតូក្យូ ត្រូវផ្អាក​ជាផ្លូវការ

389

ទីបំផុត គណៈកម្មាធិការអន្តរជាតិរៀបចំការប្រកួតអូឡាំពិក បាន​ប្រកាសថា ព្រឹត្តិការណ៍កីឡាអូឡាំពិក​ក្នុងឆ្នាំ ២០២០ នឹងមិនអាចដំណើរការ តាមពេលវេលាដែលបានគ្រោងទុក​នោះទេ។ ហេតុផល គឺដោយសារតែវិបត្តិកូរ៉ូណា នៅតែបន្ត​អូសបន្លាយ​ក្នុងប្រទេសជាច្រើន នៅលើសកលលោក។

Tokyo 2020 has been postponed

គណៈកម្មាធិការអូឡាំពិក​អន្តរជាតិ (IOC) បាន​អះអាងកាលពីថ្ងៃអង្គារថា ការសម្រេចចិត្ត​ជាផ្លូវការនេះ គឺក្រោយ​ពីបាន​ទទួល​ការ​យល់​ព្រម​ទាំង​សងខាង ពីប្រធាន IOC លោក Thomas Bach និង​នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ព្រមទាំងគណៈកម្មការរៀបចំការប្រកួត។ ភាគីជប៉ុន និង​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ ​បាន​យល់​ព្រមព្រៀង​គ្នា​ដែរ​ថា ទោះបី​ជា​ត្រូវ​លើកពេល​ទៅ​ប្រកួត​នៅឆ្នាំ​ ២០២១ ប៉ុន្តែ គេ​នឹង​រក្សា​ឈ្មោះ ដដែល គឺ​អូឡាំពិក​តូក្យូ ២០២០ ចំណែក ភ្លើងគប់ ដែល​ត្រូវ​គេ​កាន់ចេញពី​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា នៅថ្ងៃ​ព្រហស្បតិ៍​ខាងមុខ នឹង​ស្ថិតនៅក្នុង​ប្រទេស​ជប៉ុន រហូត​ដល់​ព្រឹត្តិការណ៍អូឡាំពិក​ឆ្នាំក្រោយ។

ការ​សម្រេចចិត្ត​នេះ បាន​ធ្វើឲ្យ​រឿងនេះ ក្លាយជារឿងដំបូង​បង្អស់ ចាប់តាំងពីសម័យ​សង្គ្រាម​លោក​លើកទី ២ មក ដែលការប្រកួត​កីឡាអូឡាំពិក នឹ​ងមិនអាចដំណើរការបានតាមការគ្រោងទុក។

ការពិតទៅ ដំបូងឡើយ​ទាំងគណៈកម្មការ​រៀបចំការប្រកួត និង​នាយករដ្ឋមន្ត្រីជប៉ុន សុទ្ធតែបាន​ប្តេជ្ញារៀបចំការព្រឹត្តិការណ៍កីឡា ៤ឆ្នាំម្តងនេះឲ្យ​បាន។ ប៉ុន្តែក្រោយ​ពីទទួលបាន​ការ​ព្រមាន​ជុំវិញ​បញ្ហា​សុខភាព ពីសំណាក់​អង្គការ​សុខភាពពិភពលោក WHO ថាការ​រៀបចំការប្រកួតនៅថ្ងៃទី ២៤ ខែកក្កដា វា​ដូចជា​ឆាប់ពេក​ក្នុងការ​ដោះស្រាយ​វិបត្តិកូរ៉ូណា ពួកគេ​ក៏សម្រេចចិត្ត​ជាផ្លូវការ ត្រូវតែផ្អាកតែម្តង ដើម្បី​សុវត្ថិភាពសុខភាពនៃអត្តពលិក​គ្រប់ប្រទេស៕