មានការសន្និដ្ឋានមួយថា អតីតខ្សែបម្រើក្រុម Barcelona និង Manchester City កីឡាករ Yaya Toure អាចនិងមកលេងឲ្យក្រុមមួយនៅបណ្តាលីគក្នុងតំបន់អាស៊ាន។
ការអះអាងនេះ បន្ទាប់ពីក្រុមហ៊ុន Harcus Consultancy Group ដែលជាភ្នាក់ងារបាល់ទាត់មានមូលដ្ឋាននៅប្រទេសវៀតណាម និងសិង្ហបុរី បាននិងកំពុងស្វែងរកក្លឹបដែលសាកសមសម្រាប់កីឡាករវ័យ ៣៧ ឆ្នាំក្នុងតំបន់អាស៊ាន។ ស្របពេក Yaya ទើបតែផុតកុងត្រាជាមួយក្លឹបចិន Qingdao Huanghai។
នាយកប្រតិបត្តិក្រុមហ៊ុនលោក Richard Harcus បានបង្ហើបថា “Yaya Toure ត្រៀមខ្លួនបន្តលេងនៅអាស៊ី លោកនិងក្រុមហ៊ុនកំពុងស្វែងរកក្លឹបដែលសាកសមសម្រាប់កីឡាករក្នុងតំបន់អាស៊ាន“។
ទន្ទឹមជាមួយគ្នានេះ មានក្របខ័ណ្ឌលីគកំពូលរបស់ប្រទេស ៤ ប៉ុណ្ណោះដែលគេរំពឹងថាអាចទាក់ចិត្តខ្សែបម្រើលំដាប់ពិភពលោកមួយនេះដើម្បីចូលរួមបានមាន ថៃ វៀតណាម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។
គួរដឹងដែរថា Yaya Toure ធ្លាប់ជាកីឡាកររបស់ក្រុម Barcelona ជួយក្រុមឈ្នះ La Liga ២ ដង និង UEFA Champions League ១ ដងមុនផ្លាស់ទៅលេងអោយក្រុម Manchester City ដោយបង្ហាញខ្លួនបាន ២៣០ ដងរកបាន ៥៩ គ្រាប់និងឈ្នះ Premier League ២ ដងនិង League Cup ១ ដង។