លេចលឺ​ថា Sint-Truidense មានមួយរូបទៀតនៅអាស៊ាន សម្រាប់​ជំនួស Cong Phuong

1526

យោងតាមសារព័ត៌មាន Indosport បានផ្សាយថា ខ្សែបម្រើ​ស្លាបឥណ្ឌូនេស៊ី Saddil Ramdani វ័យ ២០ ឆ្នាំដែលបច្ចុប្បន្នលេងឲ្យក្រុម Pahang FA របស់ប្រទេសម៉ាឡេស៊ីកំពុងត្រូវបានក្លឹប ៣ ផ្សេងគ្នានៅលីគកំពូលបែលហ្ស៊ិក Jupiler Pro League ចាប់អារម្មណ៍​។

ក្លឹបទាំង ៣ រួមមាន Sint-Truidense VV, SV Zulte Waregem និង Club Brugge KV។ ខណៈ​ក្លឹប Brugge បច្ចុប្បន្នកំពុងកាន់កាប់កំពូលតារាងក្របខណ្ឌ Jupiler Pro League ដោយមាន ៤៦ ពិន្ទុពី ១៩ ប្រកួត ហើយក្លឹប Zulte Waregem ឈរនៅលេខ ៦ មាន ៣១ ពិន្ទុពី ២០ ប្រកួត។

ទន្ទឹមនឹងនេះដែរក្លឹប Sint-Truidense ត្រូវបានគេរំពឹងថា អាចនឹងនាំខ្សែបម្រើរូបនេះដើម្បីជំនួសកៅអី ខ្សែប្រយុទ្ធវៀតណាម Nguyen Cong Phuong ដែលលេចលឺ​ថានឹងចាកចេញមុនកុងត្រា ហើយបច្ចុប្បន្នក្រុមមួយនេះកំពុងស្ថិតនៅលេខ ១១ ក្នុងតារាងមាន ២៣ ពិន្ទុពី ២០ ប្រកួត។

គួររំលឹក​ថា Saddil Ramdani ជាសមាជិក​ U-22 របស់ឥណ្ឌូនេស៊ី ដែលបានជួយក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ ២០១៩ នៅប្រទេសហ្វីលីពីនកាលពីដើមខែនេះ ។​