លេចលឺថា BG Pathum United ត្រៀមចាយ ៤០ លានបាតយក Theerathon មកស្រុកថៃវិញ

238

ជាការភ្ញាក់ផ្អើលម្តងទៀត បន្ទាប់ពីមានព័ត៌មានថាក្រុមរហស្សនាមទន្សាយស BG Pathum United បានបង្ហាញចំណាប់អារម្មណ៍ចង់ចរចាជាមួយក្លឹប Yokohama F.Marinos ដើម្បីយកខ្សែការពារ Theerathon Bunmathan ត្រលប់មកប្រកបអាជីពបាល់ទាត់នៅប្រទេសថៃវិញ។

បច្ចុប្បន្ន Theerathon កំពុងស្ថិតនៅក្នុងប្រទេសថៃនៅឡើយទេ ហើយកំពុងធ្វើចត្តាឡីស័កតាមវិធានការណ៍សុខាភិបាល ដែលអាចនឹងបញ្ចប់នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ។ ខ្សែការពារស្លាបវ័យ ៣០ ឆ្នាំគ្រោងវិលត្រឡប់ទៅប្រទេសជប៉ុនវិញនៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២១។

ស្របពេលជាមួយគ្នានេះដែរ ក្រុមអ្នកមានលីគកំពូលថៃ BG Pathum United ត្រូវបានគេរាយការណ៍ថាមិនញញើតចាយជាង ៤០ លានបាត ឫ ១,៣៣ លានដុល្លារឡើយ ដើម្បីយកអតីតកីឡាករ Buriram United មកកាន់ប្រទេសថៃវិញ ។

ខណៈពេលថ្មីៗនេះ ក្លឹបទើបតែបាននាំចូលខ្សែប្រយុទ្ធប្រេស៊ីល Diogo Luís Santo ពីក្លឹបម៉ាឡេស៊ី JDT រួចមកហើយ ។

ទោះយ៉ាងណាក្តី Theerathon ទំនងជាអាចជ្រើសរើសការត្រលប់មកប្រកបអាជីពក្នុងស្រុកវិញក៏ថាបាន ព្រោះ BG Pathum មានកៅអីទៅប្រកួត AFC Champions League រដូវកាលក្រោយ ។

គួរដឹងផងដែរថា Theerathon Bunmathan កំពុងឈានដល់រដូវកាលទី ៣ របស់ខ្លួននៅ J-League ។ ដោយរដូវកាលទី ២ ក្រោយផ្លាស់មកពី Vissel Kobe រូបគេបានជួយ Yokohama F.Marinos លើកពានលីគជាលើកដំបូងក្នុងរយៈពេល ១៥ ឆ្នាំ ។