រៀមច្បង Le Cong Vinh ដាក់ប៉ុន្មានម៉ាត់នេះ Van Lam អាចភ័យខ្លួននៅ Cerezo Osaka

691

អ្នកចាំទីកូនកាត់រុស្ស៊ី-វៀតណាម Dang Van Lam បានធ្វើការផ្ទេរទៅចូលរួមជាមួយក្លឹបលីគកំពូលជប៉ុន Cerezo Osaka ជាផ្លូវការហើយកាលពីពេលថ្មីៗនេះ។

ទោះបីជាមានបញ្ហាចម្រូងចម្រាស់កុងត្រាជាមួយអតីតក្លឹបថៃ Muangthong United យ៉ាងណាក្តីក៏កីឡាករវ័យ ២៧ ឆ្នាំ នៅតែអាចផ្ទេរបានយ៉ាងរលូន ក្រោមការរត់ការពីភ្នាក់ងារជនជាតិរុស្ស៊ីលោក Andrey Grushin។

ក្នុងការបោះជំហានអាជីពថ្មីមួយ នៅប្រទេសមហាអំណាចបាល់ទាត់តំបន់អាស៊ី (ជប៉ុន) Van Lam អាចនឹងត្រូវតតាំងនិងឧបសគ្គមួយចំនួន ដូចជាឱកាសមិនបានលេងពេញលេញជាដើម នេះបើតាមទស្សនៈយល់ឃើញរបស់រៀមច្បង Le Cong Vinh ។

ខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិវៀតណាម ដែលបានចូលនិវត្តន៍ពីបាល់ទាត់ បានយល់ឃើញថា ឱកាសលេងរបស់ Van Lam ជាមួយក្លឹប Cerezo Osaka គឺតិចតួចបំផុត ឫស្ទើរតែមិនបានលេងផងក្នុងមួយរដូវកាល។ ទោះបីជាលេងក៏អាចត្រឹមពានរង្វាន់ Cup ឫ League Cup ដែលក្រៅពីលីគ ។

មូលហេតុខាងលើ ត្រូវបានបុរសវ័យ ៣៥ ឆ្នាំបញ្ជាក់បន្ថែមថា តួរនាទីអ្នកចាំទី មិនដូចតួរនាទីតំបន់ ៣ ខាងលើទេ។ ប្រសិនបើក្លឹបមានអ្នកចាំទីជម្រើសដំបូងឆ្នើមនោះ ច្បាស់ណាស់ Van Lam ត្រូវប្រឈមអង្គុយកៅអីបម្រុង។ តួរនាទីផ្សេងៗគេអាចប្តូរនៅនាទីណាមួយបានអាស្រ័យលើគ្រូបង្វឹក ប៉ុន្តែអ្នកចាំទីដរាបណាអ្នកទី ១ ជួបបញ្ហារបួស។

ជាក់ស្តែងទោះបី អតីតកាលធ្លាប់លេងនៅត្រឹមក្របខ័ណ្ឌ J.League 2 ជាមួយ Consadole Sapporo យ៉ាងណាក្តី Cong Vinh នៅតែគិតថា J.League 1 មានអាំងតង់ស៊ីតេសមត្ថភាពកីឡាករខ្ពស់ជាងកម្រិតសមត្ថភាពរបស់ Dang Van Lam។ ពេលវេលាហ្វឹកហាត់របស់ពួកគេ ខុសគ្នាពីក្រុមប្រទេសអាស៊ាន នៅជប៉ុនកីឡាករមានវត្តមាននៅទីលានហ្វឹកហាត់ ៨:៣០ នាទីព្រឹក និងបញ្ចប់រហូតដល់ម៉ោង ១ រសៀល រាល់សប្តាហ៍គឺដូចច្នេះ។