រាល់ការប្រកួត MCL នឹងមានដាក់ម៉ាស៊ីនវាស់កម្ដៅចាប់ពីសប្ដាហ៍នេះតទៅ

478

ការប្រកួតក្របខ័ណ្ឌ Metfone Cambodian League រដូវកាល ២០២០ ចាប់ពីសប្ដាហ៍ទី ៥ នេះតទៅ នឹងមានដាក់ម៉ាស៊ីនវាស់កម្ដៅទាំងក្រុមការងារ កីឡាករ និងអ្នកទស្សនា។

ហេតុផលនៃការដាក់ម៉ាស៊ីនវាស់កម្ដៅនេះ ធ្វើឡើងដើម្បីពិនិត្យ និងការពារសុវត្ថិភាពអ្នករាល់គ្នាដែលចូលរួមក្នុងការប្រកួតនីមួយៗ ដើម្បីកុំឱ្យមានការព្រួយបារម្មណ៍ ប្រសិនបើមើលឃើញនរណាម្នាក់មានកម្ដៅឡើងខ្ពស់ នឹងមិនត្រូវបានអនុញ្ញាតិឱ្យចូលរួម ឬចូលទស្សនាឡើយ។

លោក ឈី កុលបុត្រា លេខាធិការប្រតិបត្តិនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានឲ្យដឹងថា ៖”យើងធ្វើឡើងដើម្បីការពារសុវត្ថិភាពក្រុមការងារ កីឡាករ និងអ្នកទស្សនាទាំងអស់។ វីរុសហ្នឹងមិនមានអ្វីប៉ះពាល់ដល់ការប្រកួតរបស់យើងទេ យើងគ្រាន់តែចង់ការពារសុវត្ថិភាពពួកគាត់ប៉ុណ្ណោះ។ ក្នុងករណីដែលយើងមើលឃើញថា មាននរណាម្នាក់ឡើងកម្ដៅខុសប្រក្រតី យើងនឹងផ្តល់ព័ត៌មានទៅកាន់អ្នកជំនាញសុខាភិបាលពិនិត្យបន្តតាមបច្ចេកទេស ព្រោះមិនមែនមានន័យថាអ្នកនោះឆ្លងវីរុសថ្មីនោះទេ”។