មិនធម្មតា​! Buriram United ជះលុយធំនាំតារាឆ្នើម ៣ រូបចូលក្លឹប

1627

ក្លឹបយក្សរបស់លីគកំពូលថៃ Buriram United បានប្រកាស​ជាផ្លូវការទិញបានកីឡាករបរទេសថ្មី ៣ រូប ដើម្បីយកមកពង្រឹងក្រុមត្រៀមរដូវកាលថ្មី ២០២០​ខាងមុខ។

កីឡាករចំណូលថ្មីទាំងនោះរួមមានខ្សែប្រយុទ្ធមកពីទ្វីបអាមេរិកខាងត្បូង ២ រូបគឺ Ricardo Bueno និង Bernardo Cuesta រួមជាមួយខ្សែបម្រើការពារអាស៊ីមកពីកូរ៉េខាងត្បូង ១ រូបកីឡាករ Jung Jae-yong ។

កីឡាករ Ricardo Bueno មានវ័យ​ ៣២ ឆ្នាំផ្ទេរពីក្លឹប​ Centro Sportivo Alagoano របស់ប្រេស៊ីល ខ្សែប្រយុទ្ធរូបនេះមានបទពិសោធន៍លេងច្រើនក្លឹបដូចជា FC Nordsjaelland របស់ដាណឺម៉ាកនិង Seongnam FC កូរ៉េខាងត្បូង​ជាដើម​។

Ricardo Bueno

ទន្ទឹមនឹងនេះដែរ កីឡាករ Bernardo Cuesta ដែលមានវ័យ ៣០ ឆ្នាំ សញ្ជាតិ​អាហ្សង់ទីន ផ្ទេរពីក្រុម FBC Melgar របស់ប្រទេស​ប៉េរូ ជាខ្សែប្រយុទ្ធដែលក្លឹប Buriram យកមកជំនួសតំណែង​ Diogo Luis Santo ដែលបានចាកចេញទៅ Johor Darul Ta’zim នៅចុងរដូវកាល ២០១៨ ។

Bernardo Cuesta

ចំណែក​ខ្សែបម្រើការពាររបស់កូរ៉េខាងត្បូង Jung Jae-yong ផ្លាស់មកពីក្របខណ្ឌ K League 1 ក្លឹប Pohang Steelers មានវ័យ​ ២៩ ឆ្នាំធ្លាប់លេងឲ្យក្លឹប Ulsan Hyundai និង FC Anyang ហើយជាលើកទី ១ ហើយដែលគេផ្លាស់ចេញពីទឹកដីកូរ៉េខាងត្បូងដើម្បីលេងនៅបរទេស។​

Jung Jae Yong

គួររំលឹក​ថាក្រុម Buriram United បានត្រឹមជើងឯករងប៉ុណ្ណោះកាលរដូវកាលឆ្នាំ ២០១៩ ខណៈ​ពួកគេចាញ់គ្រាប់បាល់ចំណេញក្រុមម្ចាស់ជើងឯក Chiangrai United ក្នុងក្របខ័ណ្ឌ Thai League 1 ក៏ដូចជាការខកខានក្នុងការឈ្នះពាន Thai FA Cup និង Thai League Cup ក្នុងរដូវកាល​តែមួយផងដែរ។