មិនគួរឲ្យជឿ! ​បុត្រាសម្តេច នរោត្តម ចក្រពង្ស គ្រោងទិញក្លិបបាល់ទាត់បារាំង Saint-Etienne តម្លៃជាង ១០០លានដុល្លារ

161

រដូវកាលថ្មីបន្ថែម 8% រៀងរាល់ថ្ងៃ

សារព័ត៌​មានបារាំង Le Parisien កាលពី​ថ្ងៃ​សៅរ៍ ទី​១៨ ខែកញ្ញា ឆ្នាំ​២០២១ បាន​ផ្សាយ​ថា  ព្រះរាជ​វង្ស​ខ្មែរ​មួយអង្គ កំពុង​ស្នើសុំ​ទិញ​ក្លិប​បាល់ទាត់​បារាំង AS Saint-Etienne នៃ​ក្របខណ្ឌ Ligue 1 របស់​បារាំង ក្នុងតម្លៃ​ជាង ១០០​លាន​ដុល្លារ​។ ដំណឹង​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​សាច់ញាតិ​របស់​ព្រះអង្គ ដែល​គង់នៅ​ស្រុក​ខ្មែរ និង​បាន​អះអាងថា នេះ​គឺជា​ដំណឹង​ពិត​។

​បណ្ដាញសារព័ត៌មាន​ប​រទេស និង​ក្នុងស្រុក កំពុង​ផ្សព្វផ្សាយ ជុំវិញ​ដំណឹង​របស់​ព្រះអង្គម្ចាស់ នរោត្តម រ៉ាវី​ចក្រ បុត្រា​របស់​សម្ដេចព្រះ​មហិស្សរា ចក្រ​ព​ង្ស់ ដែល​កំពុង​បោះទុន​ទិញ​ក្លិប​បាល់ទាត់​ខាងលើ ក្នុងតម្លៃ​កប់​ពពក​។

​សារព័ត៌មាន​បរទេស​នោះ បានសរសេរថា ក្លិប AS Saint-Etienne ត្រូវបាន​ប្រកាស​លក់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​១៣ ខែមេសា កន្លងមក ហើយ​តាម​របាយការណ៍ ដែល Le Parisien ទទួលបាន គឺ​ព្រះអង្គម្ចាស់ នរោត្តម រ៉ាវី​ចក្រ បានដាក់​សំណើសុំ​ទិញ​ក្នុងតម្លៃ ១០០​លាន​អឺរ៉ូ ស្មើនឹង ១១៧​លាន​ដុល្លារ​អាមេរិក តាមរយៈ​ធនាគារ KPMG ដើម្បី​ក្លាយជា​ម្ចាស់​ថ្មី​របស់​ក្លិប​បាល់ទាត់​ល្បីឈ្មោះ​មួយ​នេះ​។

​ដំណឹង​នេះ នាំ​ឲ្យ​ព្រះអង្គម្ចាស់ នរោត្តម រ៉ាវី​ចក្រ នឹង​ក្លាយជា​ជនជាតិខ្មែរ​ដំបូង​គេ ដែល​វិនិយោគ ក្នុងការ​គ្រប់គ្រង​ក្លិប​ដ៏​ល្បី នៅក្រៅ​ប្រទេស​បែបនេះ​។

​ព្រះអង្គម្ចាស់ នរោត្តម ពុទ្ធ​ពង្ស ដែលជា​ព្រះរៀម​របស់​ព្រះអង្គម្ចាស់ រ៉ាវី​ចក្រ និង​ជា​បុត្រា​របស់​សម្តេចព្រះ​មហិស្សរា នរោត្តម ចក្រ​ព​ង្ស់ បាន​ប្រាប់​សារព័ត៌មាន ក្នុងស្រុក​ថា អ្វីដែល​សារព័ត៌មាន​បរទេស បាន​ផ្សាយ​ពី​ព្រះអនុជ​របស់​ទ្រង់ គឺជា​ការពិត​។

​ព្រះអង្គ មាន​ព្រះបន្ទូល​ថា «​ជា​ព័ត៌មាន​ពិត​! នេះ​ជា​គម្រោង​របស់​ព្រះអនុជ​ខ្ញុំ ជាមួយ​មិត្តភក្តិ​ព្រះអង្គ ដែលជា​អ្នកជំនួញ​នៅ​អឺរ៉ុប​។ ខ្ញុំ​រំពឹងថា Saint-Etienne នឹង​ជ្រើសរើស​សំណើ​នេះ​»​។

​ថ្វីដ្បិតតែ​ក្លិប Saint-Etienne នៅ​មិនទាន់បាន​ឆ្លើយតប​នឹង​សំណើរ​មួយ​នេះ នៅឡើយ ប៉ុន្តែ​គេ​មើលឃើញថា ភាគរយ​ទទួលបាន​សិទ្ធិ​គ្រប់គ្រង​របស់​ព្រះអង្គម្ចាស់ នរោត្តម រ៉ាវី​ចក្រ គឺមាន​ភាគរយ​ខ្ពស់​។

​គួរ​បញ្ជាក់ថា ព្រះអង្គម្ចាស់ នរោត្តម រ៉ាវី​ចក្រ កើត​នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​១៩៧៤ ជា​បុត្រា​របស់​សម្តេចព្រះ​មហិស្សរា នរោត្តម ចក្រ​ព​ង្ស់ និង​អ្នក​ម្នាង ហ៊ុន សឿន​។ ព្រះអង្គម្ចាស់ នរោត្តម រ៉ាវី​ចក្រ ជា​ព្រះ​រាជនត្តា (​ចៅ​) របស់​ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ​។​

​ដោយឡែក សម្រាប់​ក្លិប​បាល់ទាត់ AS Saint-Etienne គឺមានរ​ហស្សនា​ម្យ៉ាង​ទៀតថា ក្រុម​ពណ៌​ខៀវ ឬ Les Stéphanois​។ ក្លិប​នេះ បង្កើតឡើង កាលពី​ឆ្នាំ​១៩១៩ ដោយ​ធ្លាប់​ឈ្នះ​ជើងឯក Ligue 1 របស់​បារាំង​ដែលជា​កំណត់ត្រា​មួយ នៅ​អឺរ៉ុប រហូតដល់​ទៅ ១០​លើក ហើយ​បច្ចុប្បន្ន​ស្ថិតក្រោម​ការដឹកនាំ​បង្វឹក​របស់លោក Claude Puel​។ ហេតុផល​នៃ​ការប្រកាស​លក់​ក្លិប​នេះ គឺ​ដើម្បី​ស្វែងរក​អ្នកគ្រប់គ្រង​ថ្មី និង​ដើម្បី​អភិវឌ្ឍន៍​ក្រុម​អោយ​កាន់តែខ្លាំង​៕

រដូវកាលថ្មីបន្ថែម 8% រៀងរាល់ថ្ងៃ