មកស្គាល់កីឡាករដែលក្រុម J.League 2 គ្រោងចាយ ១ លានដុល្លារនាំមកចូលរួមក្រុមរដូវកាល ២០២១

241

ខ្សែបម្រើស្លាប Jaroensak Wonggorn របស់ក្រុមលីគកំពូលថៃ Samut Prakan City FC ត្រូវបានគេរាយការណ៍ថាកំពុងត្រូវបានក្លឹប V-Varen Nagasaki របស់ក្របខ័ណ្ឌលីគទី ២ ជប៉ុន ចាប់អារម្មណ៍ក្នុងការដាក់សំណើរដើម្បីនាំទៅចូលរួមនៅរដូវកាល ២០២១ ។

ការចាប់អារម្មណ៍ ក្រោយកីឡាករវ័យ ២៣ ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងដ៏លេចធ្លោក្នុងរដូវកាលនេះ រហូតមានសំណើរពីក្រុមល្បីៗជាច្រើនផងដែរក្នុងលីគកំពូលថៃ ។

យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថាក្លឹប V-Varen Nagasaki បានពិភាក្សាជាមួយគ្រូបង្វឹក Samut Prakan City លោក Masatada Ishii ដើម្បីសាកសួរអំពីលទ្ធភាពនៃការផ្តល់ជូនដើម្បីទិញយក Jaroensak Wonggorn បានមកចូលរួមក្នុងក្រុមឆាប់ៗនេះ។

អ្វីដែលជាឧបសគ្គនោះត្រង់ថា សមាជិកក្រុមជម្រើសជាតិថៃអាយុក្រោម ២៣ ឆ្នាំខាងលើ មានកិច្ចសន្យាជាមួយក្រុមបច្ចុប្បន្នរហូតដល់ឆ្នាំ ២០២៤ ។ ហើយប្រសិនបើត្រូវបានលក់ គេរំពឹងថាតម្លៃផ្ទេរយ៉ាងហោចណាស់ក៏ ៣០ លានបាត ឬ ១ លានដុល្លារដែរ ។

សម្រាប់ក្លឹប V-Varen Nagasaki រដូវកាលនេះឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុងតារាង J.League 2 មាន ៨០ ពិន្ទុដោយមានគម្លាតតែ ៤ ពិន្ទុប៉ុណ្ណោះពីក្រុមលេខ ២ Avispa Fukuoka ដែលអាចត្រូវលេង J.League 1 រដូវកាល ២០២១។