ភ្នាក់ងារ Chanathip ថាមានក្លឹបនៅ La Liga មួយត្រៀមទាក់ទងខ្សែបម្រើរូបនេះ

3786

ប្រភពពីសារព័ត៌មាន ​​Siamsport បានរាយការណ៍ថា ភ្នាក់ងាររបស់កីឡាករមាឌល្អិតថៃ Chanathip Songkrasin បាននិយាយថាមានក្លឹបនៅក្របខណ្ឌ La Liga មួយ បានចាប់អារម្មណ៍ខ្សែបម្រើរូបនេះ។

ភ្នាក់ងារខាងលើ នៅមិនទាន់បញ្ជាក់បានទេថាតើជាក្លឹបមួយណា តែថាការដាក់សំណើរដើម្បីផ្ទេរវានឹងកើតឡើងក្នុងពេលឆាប់ៗខាងមុខ ហើយកីឡាកររហស្សនាម Messi J នឹងមានឪកាសផ្លាស់ទ្រនំដើម្បីយកបទពិសោធន៍នៅលីគកំពូលអេស្ប៉ាញ តាមគន្លងរបស់មិត្តរួមជាតិថៃរបស់គេកីឡាករ Teerasil Dangda ដែលធ្លាប់បានក្លឹប UD Almeria ខ្ចីជើងក្នុងឆ្នាំ ២០១៤។ Dangda ក៏បានបង្ហាញខ្លួនចំនួន ៦ ប្រកួតសម្រាប់ក្លឹបនៅ La Liga មួយនេះផងដែរមុនពេលត្រលប់មកអាស៊ីវិញ។

គួរដឹងដែរថា Chanathip បានចាប់ផ្តើមអាជីពដំបូងជាមួយក្លឹប Police Tero FC ក្នុងលីគកំពូលថៃ មុនពេលចូលរួមជាមួយ Muangthong United ក្នុងកិច្ចសន្យាអចិន្រ្តៃយ៍ក្នុងឆ្នាំ ២០១៦។ នៅថ្ងៃទី ១ ខែកុម្ភៈឆ្នាំ ២០១៩ គាត់ត្រូវបានក្លឹប Consadole Sapporo ក្នុងក្របខណ្ឌ J1.League ចុះហត្ថលេខាខ្ចីជើង។

នៅក្នុងការបង្ហាញខ្លួនចំនួន ៧៨ ប្រកួតសម្រាប់ Sapporo ខ្សែបម្រើវ័យ ២៦ ឆ្នាំរូបនេះ រកបាន ១៣ គ្រាប់និង Assist ១១ លើក។