ព្រះខ័ន​រាជ​ស្វាយរៀង នឹង​ត្រូវ​ជួប​ក្រុម​១​ក្នុងចំណោម​៥ នៅ​វគ្គ​ជម្រុះ AFC CUP 2020

1325

ការប្រកួត​ពានរង្វាន់ AFC Cup 2020 នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ២១ ខែ មករា ខាងមុខ​តទៅ រហូតដល់​ថ្ងៃទី ២៦ ខែ កុម្ភៈ សម្រាប់​ការប្រកួត​ជម្រុះ​ដំណាក់កាល​បឋម និង​ចុងក្រោយ មុន​ចូលរួម​វគ្គ​ចែក​ពូ​ល ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ពីថ្ងៃ​ទី ១០ ខែ កុម្ភៈ រហូតដល់​ថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០២០​។​

ក្នុង​បញ្ជី​ឈ្មោះ​ក្រុម​ដែលមាន​សិទ្ធិ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2020 ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី ( AFC ) បានបង្ហាញ​កាលពីពេល​ថ្មីៗ​កន្លងមកនេះ ដោយ​ក្នុងនោះ​សម្រាប់​កម្ពុជា មានតែ​ក្លិប​ចំនួន ៣​ប៉ុណ្ណោះ ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី AFC នោះ​គឺ ព្រះខ័ន​រាជ​ស្វាយរៀង​, បឹងកេត និង អង្គ​រថា​យ​ហ្គឺ​រ ខណៈដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បំពេញបែបបទ​ស្នើ​សុំ​ឲ្យ​ក្លិប​ចំនួន ១២។

ដូចនេះ​មានន័យថា ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង នឹង​តំណាង​ឲ្យ​កម្ពុជា ទៅ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ចុងក្រោយ មុន​ចូល​វគ្គ​ចែក​ពូ​ល ក្នុងនាម​ជា​ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា រដូវ​កាល ២០១៩​។ ព្រោះ​នៅក្នុង​លក្ខន្តិកៈ​នៃ​ការប្រកួត កម្ពុជា ទទួលបាន​ត្រឹម ១​កៅអី​ប៉ុណ្ណោះ នៅក្នុង​ពានរង្វាន់ AFC Cup នេះ​។​

តាម​លក្ខ​ខ័​ណ្ឌ ព្រះខ័ន​រាជ​ស្វាយរៀង អាច​នឹងត្រូវ​ជួប​ជាមួយនឹង​ក្លិប​មួយ ក្នុងចំណោម​ក្លិប​របស់​ប្រទេស​ចំនួន ៥ ដែលមាន​ដូចជា​៖ PSM Makassar របស់​ឥណ្ឌូនេស៊ី​, Yangon United របស់​មី​យ៉ាន់​ម៉ា​, Master7 របស់​ឡាវ​, Indera របស់​ព្រុយ​នេ និង Lalenok United របស់​ទី​ម័​រ​ខាងកើត​។​

សម្រាប់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង នេះ​គឺជា​លើកទីមួយ​ហើយ​សម្រាប់​ពួកគេ​ក្នុងការ​បង្ហាញខ្លួន​ក្នុង​ពានរង្វាន់​អន្តរជាតិ​បែបនេះ ខណៈដែល​ពួកគេ គឺជា​ក្លិប​កម្ពុជា ទី ៤ ដែល​លេង​ក្នុង​ពានរង្វាន់ AFC Cup បន្ទាប់ពី ក្លិប បឹងកេត ( ២០១៧, ២០១៨ ) ភ្នំពេញ​ក្រោ​ន ( ២០១៧ ) និង ណាហ្គា​វើ​ល ( ២០១៧, ២០១៩ )៕