ប្រធានការិយាល័យផ្សព្វផ្សាយ Bayon TV លម្អិតពីកម្មវិធីសិក្សា VAR

1060

លោក ប៉ុល សៀងរ៉ាលី ប្រធានការិយាល័យផ្សព្វផ្សាយប្រចាំអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័នសង្កត់ធ្ងន់ថា ក្នុងបេសកកម្មទៅសិក្សាពីបច្ចេកទេសវីដេអូជំនួយអាជ្ញាកណ្ដាលនៅប្រទេសថៃ ក្រុមការងារបានផ្ដោតយ៉ាងច្រើនដូចជាការដំឡើង, ដំណើរការប្រព័ន្ធ និងការចាប់ប្លង់ជាដើម។

អ្នកជំនាញដដែលសង្កត់ធ្ងន់ថា ការសិក្សានេះមានរយៈពេល៣ថ្ងៃពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមករា និងស្ថិតនៅ៤ទីតាំងផ្សេងគ្នាអំឡុងទទួលរៀបចំព្រឹត្តិការណ៍ AFC U23 Championship 2020។ ក្រៅពីសិក្សាទ្រឹស្ដី សិក្ខាកាមពីទូរទ្សសន៍ BTV ក៏បានអនុវត្តផ្ទាល់ផងដែរ។

លោក សៀងរ៉ាលី លម្អិត ៖”យើងរៀនពីការដំឡើងសម្ភារៈបច្ចេកទេសទាំងអស់ជាមួយអាជ្ញាកណ្ដាល ជាមួយ VAR System និងដំណើរការប្រព័ន្ធកាមេរ៉ា ការចាប់ប្លង់។ គេនឹងយករូបពីយើងហ្នឹង ដើម្បីគេមើលពីកំហុសខុសឆ្គងដែលកើតមានឡើង ហើយក្រៅពីការរៀនទ្រឹស្ដី គេក៏មានការប្រកួតរយៈពេលមួយម៉ោង ដោយគេធ្វើជាមានកំហុសអីចឹងទៅ ហើយអាជ្ញាកណ្ដាលគាត់អនុវត្តជាក់ស្ដែងជាមួយកីឡាករ។

ចំណែកយើងអនុវត្តកាមេរ៉ា។ VAR ហ្នឹងមិនមែនកីឡដ្ឋានអ្នករៀប ឬដំឡើងទេ គឺ AFC អ្នកបំពាក់ក្នុងការប្រកួត AFC U23 អ៊ីចឹងនាពេលអនាគត ប្រសិនបើកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ធំៗបែបនេះ យើងត្រៀមខ្លួនរួចជាស្រេចជាមួយចំណេះដឹងគ្រប់គ្រាន់ក្នុងការបម្រើការ VAR ហ្នឹងផ្សាភ្ជាប់នឹងការផ្សាយផ្ទាល់របស់យើងផងដែរ”។

លោក ប៉ុល សៀងរ៉ាលី បញ្ជាក់ដែរថា នៅថ្ងៃទី០១ ក្រុមការងារបច្ចេកទេស BTV ដដែលបានធ្វើដំណើរទៅសិក្សានៅកីឡដ្ឋាន Rajamangala និងកីឡដ្ឋាន Thammasat នាក្រុងបាងកក ហើយបន្តទៅកីឡដ្ឋាន Hatyai ខេត្តសុងខ្លា នៅថ្ងៃទី០២ ហើយថ្ងៃទី០៣ ត្រូវនឹងថ្ងៃទី០៩ ខែមករា នឹងបញ្ចប់នៅកីឡដ្ឋាន Buriram United៕

អត្ថបទ៖ CNCC