បន្ទាប់ពី Messi, CONMEBOL បន្តប្រើធម៌ក្រៅលើកីឡាករ Man City មួយរូបទៀត​

420

ខ្សែប្រយុទ្ធឆ្នើម​របស់ក្លឹប Manchester City កីឡាករ​ Gabriel Jesus ត្រូវបានសហព័ន្ធកីឡាបាល់ទាត់​ទ្វីបអាមេរិចខាងត្បូងព្យួរជើងពីការលេងឲ្យក្រុមជម្រើសជាតិរយៈពេល ២ ខែចំពោះអារម្មណ៍ឆេវឆាវរបស់រូបគេ កាលពីវគ្គផ្តាច់ព្រ័ត្រ​ព្រឹត្តិការណ៍ Copa America ហើយត្រូវពិន័យជាប្រាក់ចំនួន ៣០០០០ ដុល្លារទៀត។

គួររំលឹក​ថា Jesus ត្រូវបានបណ្តេញចេញពីការប្រកួត បន្ទាប់ពីទទួលបានកាតលឿង ២ ដងក្នុងវគ្គផ្តាច់ព្រ័ត្រ Copa America ទល់នឹងប៉េរូនៅនាទី ៧០’ ដោយខ្សែប្រយុទ្ធ Man City រូបនេះបានធ្វើការប្រឆាំងនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្តាលទាំងលើទីលាន និងខាងក្រៅទីលានដោយប្រើអាកប្បកិរិយាមិនគប្បី។

ចំណែក​ឯសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) បានចេញមកបញ្ជាក់តាមកាសែត Washington Post ថា Gabriel Jesus នៅតែអាចប្តឹងឧទ្ធរណ៍បានចំពោះការសម្រេចចិត្តនេះ។

ប្រសិនបើការដាក់ពិន័យនេះត្រូវបានអនុម័តមានន័យថាកីឡាករវ័យ ២២ ឆ្នាំរូបនេះនឹងខកខានការប្រកួតមិត្តភាពរបស់ប្រេស៊ីលទល់ជាមួយកូឡុំប៊ី និងប៉េរូនៅខែកញ្ញា។

ហើយរូបគេក៏ជាកីឡាករទី ២ បន្ទាប់ពី​តារាឆ្នើម Lionel Messi របស់ក្រុម Barcelona និងជម្រើសជាតិអាហ្សង់ទីនក៏ត្រូវបានជាប់ពិន័យដោយ CONMEBOL ផងដែរ​ក្រោយចោទប្រកាន់សហព័ន្ធមួយនេះរួមគំនិតក្នុងការពុករលួយ។​

ប្រភព៖ Fox Sport Asia