ថៃ ត្រូវអវត្តមានជើងខ្លាំងមួយរូប ពេលហោះទៅអារ៉ាប់រួមដើម្បីជម្រុះ World Cup

148

ខ្សែប្រយុទ្ធសំខាន់ Teerasil Dangda នឹងមិនហោះទៅអារ៉ាប់រួមជាមួយក្រុមជម្រើសជាតិថៃឡើយ សម្រាប់ការប្រកួតជម្រុះដែលនៅសល់ World Cup 2022 នៅខែមិថុនាខាងមុខនេះ។

យោងតាមសារព័ត៌មាន SiamSports នៅថ្ងៃនេះបានឱ្យដឹងថា Teerasil នៅតែមិនទាន់វិលមកទម្រង់លេងល្អប្រសើរវិញទេ ចាប់តាំងពីត្រឡប់មកពីក្លឹបជប៉ុន Shimizu S Pulse ជាមួយនឹងបញ្ហារបួស។

សហព័ន្ធកីឡាបាល់ទាត់ (FA) របស់ប្រទេសថៃ ត្រូវបានគេរំពឹងថានឹងធ្វើការប្រកាសជាផ្លូវការលើបញ្ហានេះ ក៏ដូចជាការសម្រេចចិត្តក្នុងការជំនួសកីឡាករដែលនឹងចូលកាន់តំណែងទំនេរនេះ។

ក្រុមជម្រើសជាតិថៃ នឹងហោះទៅកាន់អារ៉ាប់រួមនៅថ្ងៃទី ២១ ខែឧសភាឆ្នាំ ២០២១ ដែលពួកគេនឹងប្រកួតមិត្តភាពចំនួន ២ ប្រកួតជាមួយអូម៉ង់ និងតាហ្ស៊ីគីស្ថាន ដើម្បីត្រៀមប្រកួតវគ្គជម្រុះសំខាន់ៗចំនួន ៣ នៃព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ និង Asian Cup ឆ្នាំ ២០២៣ ។

យោងតាមកាលវិភាគប្រកួតដែលចេញដោយ AFC ថៃនឹងជួបឥណ្ឌូណេស៊ីនៅថ្ងៃទី ០៣ មិថុនា អារ៉ាប់រួមនៅថ្ងៃទី ៧ ខែមិថុនា និងជួបម៉ាឡេស៊ីនៅថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០២១ ។

ក្នុងពូល G បច្ចុប្បន្នវៀតណាមនាំមុខដោយមាន ១១ ពិន្ទុតាមពីក្រោយដោយម៉ាឡេស៊ីមាន ៩ ពិន្ទុនិងថៃឈរនៅលេខ ៣ មាន ៨ ពិន្ទុ។ អារ៉ាប់រួមបច្ចុប្បន្នកំពុងប្រមូលបាន ៦ ពិន្ទុប៉ុន្តែមានប្រៀប ១ ប្រកួតខណៈឥណ្ឌូណេស៊ីត្រូវបានជម្រុះចេញពីការប្រកួតប្រជែងក្នុងពូលរួចហើយ។