តាមពិត! ចាន់ វឌ្ឍនាកា ខកខាន​ជួយ​ក្រុម​ជម្រើស​ជាតិ​ព្រោះ​មូលហេតុ​នេះ

478

កីឡាករ ចាន់ វឌ្ឍនាកា បាន​របូត​ឱកាស​ជួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្នុង​យុទ្ធនា​ការ​ប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០២២ នៅ​កាតា ជុំ​ទី​២-​តំបន់​អាស៊ីពូ​ល ​C (2022 FIFA World Cup qualification-AFC) ជាថ្មី ដោយសារ​បញ្ហា​របួស។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រភព​ស្និទ្ធ ​នឹង​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្លឹប​បឹងកេត​រូប​នេះ។

ប្រភព​ដ៏​ជឿជាក់​ដដែល​បាន​ឲ្យ​ដឹង​ថា តាមពិត ចាន់ វឌ្ឍនាកា ត្រូវ​បាន​លោក Felix G.Dalmas​ គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជាកោះ​ហៅ​ចូល​ក្រុម​ជម្រើស​ជាតិ ដើម្បី​ត្រៀម​ប្រកួត​តទល់​ជាមួយ​ក្រុម​ខ្លាំង​អ៊ីរ៉ង់ និង​អ៊ីរ៉ាក់​ទៅ​ហើយ តែ​សោកស្ដាយ​ដោយសារ​បញ្ហា​របួស អំឡុង​ពេល​ជួយ​បឹងកេត​តាម​ស្មើ​ណាហ្គា​វើ​ល​ដ៏ ១១ កាលពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា បាន​ធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ​ដ៏​មាន​ប្រជាប្រិយ​រូប​នេះត្រូវ​ខកខាន​ទៅវិញ។​ ជាមួយ​ការ​អវត្តមាន​ជាថ្មី​របស់​ខ្សែប្រយុទ្ធ​ធ្វើ​បាន Hat-Trick ជួយ​ឲ្យ​ក្រុម​បឹងកេតយកឈ្នះ​ក្រុម​វិសាខា ៤០ ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្នាក់​ជាតិ​លើក​ទី​១៣ នេះ ត្រូវ​បាន​អ្នកគាំទ្រ​ជាច្រើន​សម្ដែង​ការ​សោកស្ដាយ​។ ហើយ​តាម​របស់​ការ​បញ្ជាក់​របស់​ប្រភព​ស្និទ្ធ​នឹង​កីឡាករ ចាន់ វឌ្ឍនាកា នេះ ក៏​នឹង​បញ្ចប់​ការភាន់ច្រឡំ​របស់​អ្នកគាំទ្រ​មួយ​ចំនួន​តូចទៅលើ​ក្រុមការងារ ពិសេស​គ្រូ​បង្វឹក​ក្រុម​គោព្រៃ​កម្ពុជា​ផង​ដែរ។

សូម​បញ្ជាក់​ថា បន្ទាប់ពី​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​បឋម ២៦​នាក់​រួច ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ជាថ្មី នា​ល្ងាច​ថ្ងៃ​ទី​០១ ខែ​តុលា​នេះដើម្បី​ត្រៀម​ប្រកួត​ទី​៣ និង​ទី​៣ ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោកឆ្នាំ​២០២២ នៅ​កាតា ជុំ​ទី​២-​តំបន់​អាស៊ី ពូ​ល​ដោយ​ត្រូវ​ជួប​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់នា​ថ្ងៃ​ទី​១០-​តុលា នៅ​ប្រទេស​អ៊ីរ៉ង់ និង​ត្រឡប់​មក​បើកទ្វារ​ផ្ទះ ដើម្បី​ទទួល​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ាក់​វិញនា​ថ្ងៃ​ទី​១៥ ខែ​តុលានៅ​ពហុ​កីឡដ្ឋាន​ជាតិ៕