ជំនួប Derby រវាងបងប្អូនកូរ៉េទាំងពីរ ត្រូវបានគេចាត់ទុកថាជាជំនួបចម្លែកបំផុតក្នុងពិភពបាល់ទាត់

555

ប្រកួត​ជំ​រុះ​បាល់ទាត់​ពិភពលោក​តំបន់​អាស៊ី​ជុំ​ទី​២ នៅ​ក្នុង​ពូ​ល រវាង​ក្រុមបាល់ទាត់​កូរ៉េ​ទាំងពីរ ខាងជើង និង​ខាងត្បូង​បាន​បញ្ចប់​ទៅ​ដោយ​លទ្ធ​ផល ០០ នៅ​ទីក្រុង​ព្យុងយ៉ាង ជា​ការ​ប្រកួត​បាល់ទាត់​ជំនួប Derby ដែល​គេ​ចាត់ទុកថា​ចម្លែក​បំផុត​។ ​ក្រុម​ទាំងពីរ​កម្រ​នឹង​ជួប​គ្នា​ណាស់ ពោល​គឺ​ចុងក្រោយ​បំផុត​ដែល​ពួកគេ​ជួប​គ្នា​គឺ​នៅ​ឆ្នាំ​១៩៩០ ក្នុង​ការ​ប្រកួត​មិត្តភាព​ប៉ុណ្ណោះ​។

បើ​និយាយ​ទូទៅជំនួប​កូរ៉េ​ទាំងពីរ​ត្រូវ​បាន​គេ​ចាត់ទុកថា ​ជា​ការ​ប្រកួត​អស្ចារ្យ​ និង​ល្អមើល​មួយ តែ​អ្វី​ដែល​ធ្វើ​អោយ​គ្រប់គ្នា​ចម្លែក​នោះ ការប្រកួត​ដ៏​កម្រ​រវាង​បងប្អូន​កូរ៉េ​ទាំងពីរ​នេះ គ្មាន​អ្នកទស្សនា គ្មាន​ទាំង​ការផ្សាយ​ផ្ទាល់​ទៅទៀត​។ ​ឆ្នាំ២០១៨ កន្លងទៅ កីឡា​នៃ​បងប្អូន​កូរ៉េ​ទាំងពីរ​ហាក់​ដូច​ជា​មាន​ភាព​ប្រសើរ​ឡើង​ច្រើន ដែល​រួម​មាន​​ការប្រកួតនៅ​អូឡាំពិក​រដូវរងា​ក្រោម​ទង់​កូរ៉េ​តែមួយ​។ ​

បើ​និយាយ​ពី​បាល់ទាត់គឺជា​កីឡា​ដែល​មាន​ប្រជា​ប្រិយភាព​ជាងគេ​មួយ​នៅ​កូរ៉េខាងជើង តែ​ផ្ទុយទៅវិញ​ការប្រកួតលើកដំបូង​នៃ​បងប្អូន​កូរ៉េ​ទាំងពីរ​ជួប​គ្នា​ក្នុង​វគ្គ​ជំ​រុះ World Cup បញ្ចប់​ទៅ​ដោយ​ភាព​សោះកក្រោះ​។

សូម្បីតែ​ជនបរទេស​ដែល​រស់នៅ និង​ភ្ញៀវ​ទេសចរ​នៅ​កូរ៉េខាងជើង​ស្រាប់ ​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​អោយ​ចូល​ទស្សនា​ការប្រកួត​ដែរ​។ ​យ៉ាង​ណាក្តីក្រោយ​លេង​បាន​បី​ប្រកួត​ក្នុង​វគ្គ​ជំ​រុះ​នេះ បងប្អូន​កូរ៉េ​ទាំងពីរ​កំពុង​គ្រប់គ្រង​កំពូល​តារាង ក្នុង​នោះ​កូរ៉េខាងត្បូង​ឈរ​លើ​គេ​មាន ៧​ពិន្ទុ ខណៈ​កូរ៉េខាងជើង​លេខ​២ ក៏​មាន ៧​ពិន្ទុ​ដែរ​តែ​ចំណេញ​គ្រាប់​បាល់​តិច​ជាង​៕