វីរបុរសបាល់ទាត់វៀតណាម Le Cong Vinh នឹងចូលរួមជាមួយអតីតខ្សែប្រយុទ្ធតោខៀវ Chelsea, Didier Drogba និង Park Ji-sung ក្នុងកម្មវិធីបាល់ទាត់មួយមានឈ្មោះថា “Football For Fires” ឫ បាល់ទាត់ដើម្បីគ្រោះអគ្គីភ័យ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។
នេះជាកម្មវិធីប្រកួតបាល់ទាត់ ដើម្បីរៃអង្គាសប្រាក់សម្រាប់ការជួយសង្គ្រោះដោយភ្លើងឆេះព្រៃនៅប្រទេសអូស្រ្តាលី ដែលគ្រោងនឹងធ្វើឡើងនៅពហុកីឡដ្ឋាន ANZ Stadium ក្នុងទីក្រុងស៊ីដនីនាថ្ងៃទី ២៣ ខែឧសភាខាងមុខ។
ខ្សែប្រយុទ្ធចូលនិវត្តន៍វ័យ ៣៤ ឆ្នាំ ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ក្រុមជម្រើសជាតិវៀតណាមខាងលើត្រូវបានអញ្ជើញឲ្យចូលរួមជាមួយតារាបាល់ទាត់ល្បីៗពីអតីតកាលដ៏ទៃទៀតមានដូចជា Drogba, អតីតខ្សែប្រយុទ្ធក្រុម Manchester United, Yorke, អតីតខ្សែបម្រើ Juventus, Claudio Marchisio កីឡាករ David Trezeguet និង Park Ji-sung របស់កូរ៉េខាងត្បូងជាដើម។
យោងតាមអ្នករៀបចំកម្មវិធីបានឲ្យដឹងដែរថា រាល់ទឹកប្រាក់ដែលបានមកពីការប្រកួតនឹងផ្តល់ទៅឲ្យការស្តារកែលំអក្លឹបបាល់ទាត់ក្នុងស្រុក និងនៅតាមតំបន់ដែលរងគ្រោះដោយអគ្គិភ័យទូទាំងប្រទេសអូស្ត្រាលី។