លោក Li Tie អតីតខ្សែបម្រើក្រុម Everton ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិចិន។
បុរសវ័យ ៤២ ឆ្នាំរូបនេះទទួលបន្ទុកដឹកនាំក្រុមជំនួសគ្រូអ៊ីតាលី Marcello Lippi ដែលបានលាឈប់ពីការងារជាលើកទី ២ កាលពីខែវិច្ឆិកាបន្ទាប់ពីចាញ់ស៊ីរី ២-១ ក្នុងវគ្គជម្រុះ World Cup ឆ្នាំ ២០២២ ។
កាលនៅជាកីឡាករ Li Tie ធ្លាប់បានបង្ហាញខ្លួនចំនួន ៩២ ប្រកួតឲ្យប្រទេសចិននិងបានលេងនៅព្រឹត្តិការណ៍ World Cup ឆ្នាំ ២០០២ ។ ក្នុងឆ្នាំនោះដែរ លោកត្រូវបានក្លឹបអង់គ្លេស Everton ខ្ចីជើង និងបង្ហាញខ្លួនបានចំនួន ៤០ ប្រកួតក្រោមការដឹកនាំរបស់លោក David Moyes។
បន្ទាប់ពីចូលនិវត្តន៍ពីកីឡាករបាល់ទាត់នៅឆ្នាំ ២០១១ Li Tie ធ្លាប់ជាជំនួយការគ្រូបង្វឹកក្រុម Guangzhou Evergrande និងជម្រើសជាតិចិនហើយឈានដល់ការកាន់ដំណែងជាគ្រូធំ ហើយថ្មីៗនេះគាត់បានដឹកនាំក្រុមជម្រើសជាតិចិន ចូលរួមការប្រកួតជើងឯកអាស៊ីបូព៌ានៅប្រទេសកូរ៉េខាងត្បូងកាលពីខែធ្នូ។