ជប៉ុន ជាប្រទេសទី ៤ ផ្អាកការប្រកួតលីគបាល់ទាត់ដើម្បី​ទប់ស្កាត់ Covid-19

257

ជប៉ុន បានចូលរួមជាមួយ​ប្រទេសផ្សេងទៀត រួមមានកូរ៉េខាងត្បូង ចិន និង​វៀតណាម ដើម្បីផ្អាកការប្រកួត​លីគបាល់ទាត់ និងគ្រប់សកម្មភាពបាល់ទាត់​ក្នុងស្រុក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូរ៉ូណា Covid-19។

J-League របស់​ជប៉ុន បានឲ្យ​ដឹងថា គេនឹង​ផ្អាក​ការប្រកួត​លីគកំពូល​ក្នុងស្រុកនេះ រហូត​ដល់ថ្ងៃទី ១៥ខែមីនា។ តាមសហព័ន្ធបាល់ទាត់​ជប៉ុន ការសម្រេចផ្អាក​ការប្រកួតនេះ គឺបន្ទាប់ពីបានកត់សម្គាល់​ឃើញថា មេរោគកូរ៉ូណា កាន់តែបន្ត​រាលដាល​អាក្រក់ឡើងៗ រហូតដល់ ១ ឬ ២សប្តាហ៍ខាងមុខទៀត។

សហព័ន្ធដដែល បានបញ្ជាក់ថា គេនឹង​ប្រកាសពីការបើកដំណើរការ​លីគក្នុងប្រទេសជប៉ុនវិញ នៅពាក់កណ្តាលខែមីនា ប្រសិនបើ​មាន​ស្ថានភាពល្អប្រសើរ ហើយ​គេ​នឹងជូនដំណឹងពីគូប្រកួត និងព័ត៌មាន​ពីសំបុត្រចូលទស្សនាតាមក្រោយទៀត។

គួរជម្រាបជូនថា លីគបាល់ទាត់​ដែល​សហព័ន្ធបាល់ទាត់ជប៉ុន សម្រេចផ្អាក​នៅពេលនេះ រួមមាន​លីគកំពូល J.League Levain Cup ឆ្នាំ ២០២០, J1 League និង J2 League ជាដើម៕

អត្ថបទ​៖ FoxSports