ច្បាស់ហើយ! Griezmann ផ្ទេរទៅ Barcelona ក្នុងតម្លៃ ១២០លានអឺរ៉ូជាមួយកុងត្រា ៥ឆ្នាំ

418

យោងតាមរបាយការណ៍ពីបារាំង និងអេស្ប៉ាញកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានឱ្យដឹងថាខ្សែប្រយុទ្ធ Atletico Madrid កីឡាករ Antoine Griezmann កំពុងតែត្រៀមខ្លួនផ្ទេរទៅកាន់ក្លឹប Barcelona។

Image result for antoine griezmann barcelona

កាសែតអេស្ប៉ាញ Mundo Deportivo បានផ្សាយថាក្រុម Catalans នឹងបង់ប្រាក់ចំនួន ១២០ លានអឺរ៉ូទៅឲ្យក្រុម Atletico ហើយកីឡាករវ័យ ២៨ ឆ្នាំរូបនេះបានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំនៅទឹកដី Camp Nou។ កាសែតបារាំង L’Equipe ក៏បានបន្ថែមទៀតថា Barca ក៏បានបញ្ជូនការផ្ទេរប្រាក់ទៅកាន់ក្លឹបនៅទីក្រុមម៉ាឌ្រីដរួចរាល់ផងដែរ។

ដោយឡែក Griezmann មិនបានបង្ហាញវត្តមានសម្រាប់ការប្រកួតមុនបើករដូវកាលកាលពីថ្ងៃអាទិត្យជាមួយ Atletico Madrid ផងដែរបន្ទាប់ពីរូបគេបានប្រកាសកាលពីខែឧសភាថានឹងចាកចេញពីទឹកដី Wanda Metropolitano ប៉ុន្តែខ្សែប្រយុទ្ធរូបនេះមិនបានបង្ហាញទិសដៅរបស់គេរហូតដល់តម្លៃខ្លួនរបស់គេបានធ្លាក់ចុះពី ២០០ លានអឺរ៉ូដល់ត្រឹម ១២០ លានអឺរ៉ូនៅថ្ងៃទី ១ ខែកក្កដា។

Image result for antoine griezmann barcelona

ដោយកាលពីថ្ងៃសុក្រសប្តាហ៍មុន Atletico ក៏បានចោទប្រកាន់ Barcelona និង Griezmann ពីការខ្វះការគោរពក្រោយពីប្រធានក្លិបរបស់ក្លិប Barcelona លោក Josep Maria Bartomeu បានបង្ហើបឲ្យដឹងថាក្លិបទាំងពីរបានធ្វើការពិភាក្សាអំពីអតីតកីឡាករក្រុម Real Sociedad រូបនេះ។

គួរំលឹកថា Griezmann បានចូលរួមជាមួយក្រុម Atletico ក្នុងឆ្នាំ ២០១៤ និងបានស៊ុតបញ្ចូលទី ១៣៣ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២៥៧ លើកនិងធ្លាប់ឈ្នះពាន Copa del Rey និង Europa League ជាមួយក្លឹបផងដែរ។

ប្រភព៖ Supersport