ច្បាស់ហើយ! ព្រះខ័នរាជស្វាយរៀង នឹងជម្រុះ AFF Club Championship 2020

1089

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនឹងចូលរួមវគ្គជម្រុះពានរង្វាន់ AFF Club Championship 2020 នៅចុងខែមេសា និងដើមខែឧសភា ដើម្បីប្រជែងកៅអីវគ្គចុងក្រោយនៅចុងឆ្នាំ២០២០។

ការប្រកួតជើងទីមួយនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែមេសា និងថ្ងៃទី០៩ ខែឧសភា ហើយការចាប់គូនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមីនា ដែលអាចប៉ះក្លិបមកពីហ្វីលីពីន, ឡាវ, ប្រ៊ុយណេ ឬទីម័រខាងកើត។

ការប្រកួតផ្លូវការនឹងចាប់ផ្ដើមនៅខែវិច្ឆិកា ឆ្នាំ២០២០។

ខាងក្រោមជាលក្ខខណ្ឌមួយចំនួនសម្រាប់ការប្រកួត ៖

១. ចំនួនក្លិបចូលរួមប្រកួតមាន១២ និងមានវិញ្ញាបនបត្រទទួលស្គាល់ពី AFC។

២. ថៃ, ម៉ាឡេស៊ី, វៀតណាម និងឥណ្ឌូនេស៊ី ទទួលបានពីរកៅអី (ក្លិបជើងឯកលីគ និងម្ចាស់ពាន FA Cup។ តែបើក្លិបមួយបានពានទាំងពីរ មួយកៅអីទៀតត្រូវឲ្យទៅជើងឯករងលីគ) ហើយមីយ៉ាន់ម៉ា និងសិង្ហបុរី ទទួលបានមួយកៅអីដែលបានលើក្រុមជើងឯកលីគ។ ចំណែកហ្វីលីពីន, ឡាវ, ប្រ៊ុយណេ, ទីម័រខាងកើត និងកម្ពុជា ត្រូវជម្រុះយកកៅទៅបំពេញគ្រប់១២។

៣. ការប្រកួតនេះបែងចែកជាពីរពូល ដោយមួយពូលមាន៦ក្រុម ប្រកួតប្ដូរទឹកដី (Home/Away) ហើយយកពីរក្រុមតាមពូលនីមួយៗទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងឆ្លងដល់វគ្គផ្ដាច់ព្រ័ត្រតាមលំដាប់លំដោយ តែអ្វីសំខាន់នោះគឺលក្ខណៈ Home/Away គ្រប់ដូចៗគ្នា។

៤.កូតាកីឡាករបរទេស គឺ៣បូក១ មានន័យថា ត្រូវតែមានអាស៊ីម្នាក់ តែក្នុងចំណោមនោះកីឡាករអាស៊ានមិនត្រូវកំណត់ចំនួនទេ។ ចំណែកការចុះបញ្ជីកីឡាករ តិចបំផុត២៥នាក់ និងច្រើនបំផុត៣០នាក់។

៥. ក្រុមហ៊ុនឧបត្ថម្ភជាអ្នករ៉ាប់រងសំបុត្រយន្ដហោះទៅមក និងថ្លៃស្នាក់ការពេលចូលរួមការប្រកួត។

៦. ក្រុមជើងឯកទទួលបានប្រាក់រង្វាន់៤០ម៉ឺនដុល្លារអាមេរិក, រងជើងឯក២៦ម៉ឺនដុល្លារអាមេរិក, ក្រុមចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាន១៣ម៉ឺនដុល្លារ, ក្រុមធ្លាក់វគ្គចែកពូលបាន១០ម៉ឺនដុល្លារ និងក្រុមចាញ់វគ្គជម្រុះ (Play-Off) បាន៣ម៉ឺនដុល្លារ។ ប្រាក់រង្វាន់នឹងកើនថែមទៀតនៅឆ្នាំ២០២៤៕

អត្ថបទ៖ CNCC