ចេញហើយ! លទ្ធផលចាប់ពូលបាល់ទាត់ U22 នៅស៊ីហ្គេម ២០១៩

347

នៅសល់មិនដល់ ២ ខែទៀតទេ ព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA Games 2019 នឹងចូលមកដល់ហើយ ដែលប្រជាជាតិអាស៊ានទាំង ១០ រួមនិងទីម័រខាងកើត នឹងប្រកួតប្រជែងគ្នាបង្ហាញពីសក្ដានុពលកីឡារបស់ខ្លួន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

ក្នុងចំណោមកីឡាទាំង ៥៨ ប្រភេទ ដែលត្រូវបានសម្រេចយកមកប្រកួត បាល់ទាត់គឺជាកីឡាមានប្រជាប្រិយភាពជាងគេ ហើយនៅព្រឹកថ្ងៃទី ១៥ ខែតុលានេះដែរ គណៈកម្មការរៀបចំការប្រកួតបានធ្វើការចាប់ឆ្នោតចែកពូល សម្រាប់ក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំ ទាំង ១១ ប្រទេស។

កម្ពុជា ត្រូវស្ថិតក្នុងពូល A ជាមួយ ៤ ប្រទេសផ្សេងទៀតរួម​មាន ម្ចាស់ផ្ទះហ្វីលីពីន មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងទីម័រខាងកើត។​ ចំណែកពូល B វិញ រួមផ្សំដោយក្រុមចំនួន ៦ មានដូចជា ថៃ វៀតណាម ឡាវ សិង្ហបុរី ឥណ្ឌូនេស៊ី និងព្រុយណេ។

ក្រុមទាំង ១១ នឹងធ្វើការ​ប្រកួតចាប់ពីថ្ងៃទី ២៦ ខែវិច្ឆិកាតទៅ ពោលមុនពិធីបើកជាផ្លូវការព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣០ ដែលបានជ្រើសយកថ្ងៃទី ៣០ ខែវិច្ឆិកា ជាថ្ងៃប្រារព្ធពិធី។  កាលពីឆ្នាំ ២០១៧ កន្លងទៅ ថៃ ឈ្នះមេដាយមាស ម្ចាស់ផ្ទះម៉ាឡេស៊ីឈ្នះមេដាយប្រាក់ ឥណ្ឌូនេស៊ីឈ្នះមេដាយសំរឹទ្ធ ហើយមីយ៉ាន់ម៉ាទទួលបានចំណាត់ថ្នាក់លេខ ៤។

គួរំឭកថា កម្ពុជា ពុំធ្លាប់ឆ្លងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍កីឡាធ្វើឡើងរៀងរាល់ ២ ឆ្នាំម្ដងមួយនេះឡើយ។ ដោយឡែក កាលពីឆ្នាំ ២០១៧ កន្លងទៅ កម្ពុជាក្រោមការដឹកនាំរបស់គ្រូបង្វឹកប្រេស៊ីល Leonardo Vitorino បានរងបរាជ័យទាំង ៥ ប្រកួតក្នុងពូល ដោយចាញ់ហ្វីលីពីន ២-០ ចាញ់វៀតណាម ៤-១ ចាញ់ថៃ ៣-០ ចាញ់ទីម័រ ១-០ និងចាញ់ឥណ្ឌូនេស៊ី ២-០៕