ចូលនិវត្តន៍បាន ៣ ឆ្នាំ! អតីតកីឡាករជម្រើសជាតិអង់គ្លេសមួយរូបវិលមកលេងបាល់វិញ

616

អតីតខ្សែការពារក្រុមជម្រើសជាតិអង់គ្លេស Joleon Lescott បានវិលត្រឡប់មកលេងបាល់ទាត់សារជាថ្មី ដោយចូលរួមជាមួយក្រុមលីគទី ៤ អេស្ប៉ាញ Racing Murcia ។

Lescott បច្ចុប្បន្នមានវ័យ ៣៨ ឆ្នាំ លោកបានចូលនិវត្តន៍នៅឆ្នាំ ២០១៧ បន្ទាប់ពីបានប្រកបអាជីពរយៈពេល ១៧ ឆ្នាំជាមួយនឹងក្លឹប Everton, Manchester City, West Brom, Aston Villa, AEK Athens និង Sunderland ។

ក្នុងនោះលោកបានឈ្នះជើងឯក Premier League ចំនួន ២ លើក FA Cup និង League Cup ១ លើកបន្ទាប់ពីផ្ទេរទៅកាន់ក្លឹប Manchester City ក្នុងតម្លៃខ្លួន ២២ លានផោនកាលឆ្នាំ ២០០៩ ។

តាមប្រភពពីក្លឹប Racing Murcia បានបញ្ជាក់ថា Lescott នឹងជួយក្រុមប្រកួតពានរង្វាន់ Copa del Rey ជុំទី ១ របស់ពួកគេទល់នឹងក្រុម Levante នៅថ្ងៃទី ១៦ ខែធ្នូខាងមុខនេះ ។