ឃឹម បូរី “៖យើងមានឱកាសច្រើន តែខ្វះសំណាង”

117

កីឡាករជើងចាស់ណាហ្គាវើលដ៍ ឃឹម បូរី លើកឡើងថា ក្រុមរបស់គេមានឱកាសច្រើនក្នុងការប្រកួត Metfone Cambodian League 2020 ដែលចាញ់ម្ចាស់ផ្ទះភ្នំពេញក្រោន១ទល់នឹង០ កាលថ្ងៃអាទិត្យ ទី១១ ខែតុលា តែកង្វះសំណាងធ្វើឲ្យមិនអាចរកគ្រាប់បាល់បាន។

អតីតសមាជិកក្រសួងការពារជាតិ និងភ្នំពេញក្រោនសង្កត់ធ្ងន់បែបនេះ “៖ចំពោះការប្រកួតយប់មិញពួកយើងធ្វើបានល្អមែនទែន និងមានឱកាសច្រើន តែមិនអាចទាត់បញ្ចូលទីបាន។ ខ្ញុំគិតថាពួកយើងខ្វះសំណាង”។

យ៉ាងណា អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជាទទួលស្គាល់ភ្នំពេញក្រោនមានគុណភាពល្អជាងឆ្នាំចាស់ទាំងកម្រិតកីឡាករបរទេស និងក្នុងស្រុក។ ដូច្នេះ គេថា មិនអាចមើលស្រាលបានឡើយជាពិសេសពេលប៉ះគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ខាងមុខ។

បូរី បន្ថែម “៖ខ្ញុំគិតថាក្រោនល្អជាងឆ្នាំមុន ទីមួយ គុណភាពកីឡាករបរទេស ទីពីរ កីឡាករក្នុងស្រុកចេញពីឈុតយុវជនសុទ្ធតែមានសមត្ថភាព និងគុណភាព។ មិនថាប្រកួតលីគ ឬក៏ពានសម្តេចយើងត្រូវប្រុងប្រយ័ត្នគ្រប់វិនាទី ទោះជួបក្រុមណាក៏ដោយ។”

ជ័យជម្នះលើណាហ្គាវើលដ៍មានន័យថា ភ្នំពេញក្រោនទទួលបានចំណាត់ថ្នាក់លេខ៣នៅក្របខណ្ឌ Metfone Cambodian League 2020 នេះ ខណៈការប្រកួតត្រូវបញ្ចប់នៅថ្ងៃសៅរ៍ ទី២៤ និងថ្ងៃអាទិត្យ ទី២៥ ខែតុលា ខាងមុខ។

ដោយឡែក ក្រុមទាំងពីរខាងលើត្រូវប៉ះគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ២០២០ នាពហុកីឡដ្ឋានជាតិ ថ្ងៃពុធ ទី២១ ខែតុលា៕

អត្ថបទ៖ CNCC