គ្រូ Barça៖ ការប្រកួត Super Cup នៅអារ៉ាប់ឆ្នាំនេះ គឺដើម្បី​តែលុយមួយមុខ

570

ក្រុម Barcelona និងត្រូវជួប Atletico Madrid ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកទី ២ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈអ្នកឈ្នះនិងត្រូវឡើង​ទៅជួប Real Madrid ដែលបានយកឈ្នះ Valencia ៣-១ កាលពីយប់មិញ​។

នេះជាឆ្នាំដំបូងនៃពានរង្វាន់ Spanish Super Cup ដែលបានធ្វើឡើងនៅប្រទេសអារ៉ាប់ប៊ីសាអូឌីតបន្ទាប់ពីកិច្ចសន្យា រយៈពេល ៣ ឆ្នាំដ៏ចម្រូងចម្រាសមានតម្លៃ ១២០ លានអឺរ៉ូ ដែលមានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) ជាអ្នកគ្រប់គ្រងការប្រកួត។

ក្លឹបទាំង ៤ ក៏នឹងទទួលបានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុផងដែរ ដែល Real Madrid និង Barcelona នឹងអាចរកបានចំណូលប្រហែល ៦ លានអឺរ៉ូខណៈ Atletico និង Valencia នឹងរកបានប្រហែល ៣ លានអឺរ៉ូ ។

ថ្លែង​ក្នុងសន្និសិតកាសែតនៅទីក្រុង Jeddah លោក Valverde គ្រូបង្វឹក​របស់ក្រុម Barcelona បាននិយាយថា ” ខ្ញុំដឹងថាមានការរិះគន់ច្រើនអំពីព្រឹត្តិការណ៍នេះ ប៉ុន្តែចំណុចសំខាន់បំផុតគឺបាល់ទាត់បានក្លាយជាអាជីវកម្មហើយជាមុខជំនួញ ទាំងនេះហើយជាមូលហេតុដែលយើងទាំងអស់គ្នាមកប្រកួតនៅទីនេះ“។

គួរដឹងដែរថា កន្លងមកព្រឹត្តិការណ៍ Spanish Super Cup ត្រូវបានធ្វើឡើងនៅប្រទេសអេស្ប៉ាញអំឡុងខែសីហា មុនពេលចាប់ផ្តើមរដូវកាលលីគ ហើយជាការប្រកួតរវាងក្រុមជើងឯកលីគកំពូល La Liga និងម្ចាស់ជើងឯកពានរង្វាន់ Copa del Rey។

ប៉ុន្តែឆ្នាំនេះសហព័ន្ធ​បាល់ទាត់អេស្ប៉ាញ RFEF មិនត្រឹមតែបានផ្លាស់ប្តូរទីតាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកទ្រង់ទ្រាយបន្ថែមទៀតដោយក្រុមដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេបន្តបន្ទាប់នៅ La Liga និង Copa del Rey ក៏បានចូលរួមផងដែរ។