គ្រូសូលទីឡូអង្គរ លោក អ៊ុក សារ៉េត និយាយបែបណាក្រោយ ៣ ប្រកួតដំបូងនៅ MCL របូត ១៦ គ្រាប់

471

៣ ប្រកួតដំបូងក្នុងរដូវកាលថ្មី Metfone Cambodian League 2020 ក្រុមសូលទីឡូអង្គរ បានរបូតគ្រាប់បាល់ដល់ទៅ ១៦ គ្រាប់ តែទាត់ចូលគូប្រកួតវិញបានតែ ២ គ្រាប់ប៉ុណ្ណោះ។

ប្រកួតដំបូង ពួកគេបានចាញ់ក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង ៥-១ នៅកីឡដ្ឋានខេត្តស្វាយរៀង ចាញ់ អង្គរថាយហ្គឺរ ៤-០ ក្នុងជំនួបគូប្រជែងរួមក្រុងអង្គរ (Angkor Derby) នៅកីឡដ្ឋានអេស.អ.យូ ចាញ់ វិសាខា ៧-១ នៅកីឡដ្ឋានព្រីនស៍។

ទាំងគ្រូបង្វឹក អ៊ុក សារ៉េត និងប្រធានក្រុម Unno Tomoyoki របស់សូលទីឡូអង្គរ សុទ្ធតែបានបង្ហាញក្ដីបារម្ភចំពោះស្ថានភាពរបស់ក្រុមបច្ចុប្បន្ន តែអះអាងថានឹងព្យាយាមកែប្រែចំណុចខ្សោយទាំងនោះដើម្បីលទ្ធផលប្រសើរឡើងវិញ។

លោក អ៊ុក សារ៉េត បានលើកឡើងក្នុងសន្និសីទក្រោយការប្រកួតថា៖ «កូនក្រុមខ្ញុំបានខិតខំធ្វើការតាមការហ្វឹកហាត់ ពួកគេប្រឹងប្រែង ប៉ុន្តែការលេងរបស់យើងហាក់មិនប្រក្រតីនៅចំណុចខ្លះ ដោយយើងហាក់ដូចជាភ្លេចថាយើងត្រូវរកគ្រាប់បាល់បន្ថែមទៀត យើងបាត់ទម្រង់ សបន្ទាប់ពីយើងបាននាំមុខគេមុន១គ្រាប់។ ប៉ុន្តែពួកយើងនឹងព្យាយាមកែប្រែចំណុចខ្វះខាតនៅក្នុងក្រុមរបស់យើងជាបន្តទៀត។ យើងនឹងមិនបោះបង់ទេ តែយើងនឹងព្យាយាមបង្កើនការហ្វឹកហាត់កាន់តែខ្លាំងជាងមុន ពិសេសស្មារតីរបស់យើងពេលប៉ះក្រុមខ្លាំងៗ»។

ជុំវិញការរបូតគ្រាប់បាល់ច្រើនដូច្នេះ អតីតអ្នកចាំទីជម្រើសជាតិសម័យសង្គមរាស្ត្រនិយម បានលើកឡើងថា៖ «ពិតណាស់ ពួកយើងមានការព្រួយបារម្ភដែលពួកយើងរបូតគ្រាប់បាល់ច្រើនក្នុង៣ប្រកួតដំបូងនៃ Metfone Cambodian League 2020 នេះ។ ពួកយើងនឹងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីកែលម្អក្រុមឱ្យទទួលលទ្ធផលវិជ្ជមានវិញ»។

ចំណែកប្រធានក្រុម Unno Tomoyoki ដែលជាអ្នករកបានគ្រាប់នាំមុខសម្រាប់ សូលទីឡូអង្គរ ទល់នឹង វិសាខា បានលើកឡើងថា៖ «លទ្ធផលបរាជ័យ៧-១នេះពិតជាអាក្រក់មែនទែន ទាំងដែលយើងបាននាំមុខមុន។ ពិតណាស់ វិសាខា ធ្វើបានល្អជាងយើង ខ្ញុំសូមអបអរសាទរក្រុមវិសាខាចំពោះជ័យជម្នះនេះ»។

សូលទីឡូអង្គរ ពេលនេះកំពុងស្ថិតនៅបាតតារាង ដោយជាក្រុមមួយក្នុងចំណោម៣ រួមជាមួយ គិរីវង់សុខសែនជ័យ និង នគរបាលជាតិ ដែលគ្មានពិន្ទុនៅឡើយ៕

អត្ថបទ៖ CNCC