គ្រូគិរីវង់បង្ហើបយុទ្ធសាស្ត្រយកឈ្នះណាហ្គាវើលដ៍

475

ការលេងទៅតាមបច្ចេកទេស និងព្យាយាមបិទចំណុចសំខាន់ៗ គឺជាយុទ្ធសាស្ត្រដែលលោក Ekapob Potisai គ្រូបង្គោលគិរីវង់សុខសែនជ័យ ប្រាប់ថា អាចឈានទៅក្រសោបបាន៣ពិន្ទុពីណាហ្គាវើលដ៍ ដោយលទ្ធផល០ទល់នឹង២ ជំនួប Metfone Cambodian League សប្ដាហ៍ទី១៨ នៅថ្ងៃអាទិត្យ ទី០៤ សីហា។

គ្រូបង្គោលគិរីវង់ប្រាប់ថា កូនក្រុមបានធ្វើទៅតាមក្បួនលេងយ៉ាងរលូន ហើយលោកសប្បាយរីករាយចំពោះជ័យជម្នះនេះ និងការរីកចម្រើនរបស់កីឡាករ ក្រោយព្យាយាមប្រឹងប្រែងអភិវឌ្ឍពួកគេតាំងពីពេលចូលដឹកនាំដំបូង។

លោក Ekapob ពន្យល់ ៖”ខ្ញុំពិតជារីករាយមែនទែនសម្រាប់ជ័យជម្នះនេះ ព្រោះកូនក្រុមធ្វើបានទៅតាមយុទ្ធសាស្ត្រដែលបានរៀបចំ។ ជាក់ស្ដែង យើងបានប្រាប់កូនក្រុមឲ្យលេងរបៀបម្នាក់បិទម្នាក់ និងមានអ្នកចាំជួយម្នាក់។ និយាយរួមទៅយើងព្យាយាមមិនឲ្យណាហ្គាលេងបានតែម្ដង ជាពិសេសកូដទាំងសងខាង”។

ជាមួយគ្នានេះ អតីតគ្រូបង្វឹកក្លិប Savan United នៃលីគកំពូលឡាវក៏បានប្រាប់កូនក្រុមមិនឲ្យបង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ និងកុំប្រតិកម្មទៅនឹងការលេងមិនសមរម្យពីកីឡាករណាមួយរបស់ក្រុមគូប្រជែង។

គួរដឹងដែរថា ជ័យជម្នះរបស់គិរីវង់សុខសែនជ័យធ្វើឲ្យណាហ្គាវើលដ៍ដែលកំពុងឈរនៅលេខពីរ ឃ្លាតពីព្រះខ័នរាជស្វាយរៀង ដល់ទៅ៨ពិន្ទុ បន្ទាប់ពីក្រុមកំពូលមួយនេះបន្តឈ្នះអគ្គិសនីកម្ពុជា ៧ទល់នឹង០នៅថ្ងៃអាទិត្យដដែល៕

អត្ថបទ​៖ CNCC